(ប៉េកាំង)៖ មនុស្សយ៉ាងហោចណាស់ ០៨នាក់បានស្លាប់ ដោយសារតែគ្រោះរញ្ជួយដីកម្រិត៥.៥រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ស៊ីនជាំង ភាគពាយ័ព្យប្រទេសចិន នៅម៉ោង ៥៖៥៨នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះម៉ោងនៅទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារឃ្លំាមើលគ្រោះរញ្ជួយដីចិន គ្រោះរញ្ជួយដីនេះ បានវាយប្រហារមកលើតំបន់ Taxkorgan នៃទីក្រុង Kashgar ដោយមានការញ័ររញ្ជួយពីក្នុងជម្រៅដី០៨គីឡូម៉ែត្រ។ រីឯមនុស្ស១១នាក់បានរងរបួស ហើយផ្ទះជាច្រើនខ្នងក៏ត្រូវបានបំផ្លាញផងដែរ ខណៈប្រជាជននៅក្នុងតំបន់ច្រើនជាង ១២,០០០នាក់ រងផលប៉ះពាល់ និងជាង៩,២០០នាក់ ត្រូវបានប្ដូរទីលំនៅទៅកាន់កន្លែងមានសុវត្ថិភាព ជាបណ្ដោះអសន្ន។
គួរបញ្ជាក់ថា កងទ័ព និងអាជ្ញាធរច្រើនជាង ១,០០០នាក់ និងស៊ីវិល ១,៥០០នាក់ បានធ្វើដំណើរទៅកាន់តំបន់រងគ្រោះ ដើម្បីជួយសង្រ្គោះ និងផ្ដល់ជំនួយចាំបាច់ដល់ប្រជាជន ជាពិសេសនៅក្នុងភូមិ Quzgun ដែលរងគ្រោះខ្លាំងជាងគេ ដោយផ្ទះរហូតដល់ទៅ ១,៥២០ខ្នងបានដួលរលំ ឬបំផ្លាញស្ទើរតែទាំងសុ្រង៕