(ញូដេលី)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា មនុស្ស២៣នាក់បានស្លាប់ និង២៨នាក់រងរបួស នៅក្នុងហេតុការណ៍រលំបាក់ជញ្ជាំងសង្កត់ បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំងនៅរដ្ឋ Rajasthan ស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរឥណ្ឌា គ្រោះថ្នាក់ខាងលើបានកើតឡើងនៅម៉ោងប្រមាណ ១០៖៣០នាទីយប់ថ្ងៃពុធ ក្នុងសាលរៀបអាពាហ៍ពិពាហ៍មួយ នៅតាមបណ្ដាយផ្លូវ Sevar Road ក្នុងស្រុក Bharatpur នៃរដ្ឋ Rajasthan ចំពេលដែលមនុស្សម្នាជាច្រើននាក់ កំពុងចូលរួមក្នុងពិធីយ៉ាងរីករាយ។ ក៏ប៉ុន្តែជាអកុសល ភ្លៀងក៏បានធ្លាក់យ៉ាងខ្លាំងចុះមក និងបានបណ្ដាឱ្យជញ្ជាំងសាលអាពាហ៍ពិពាហ៍នេះរលំមកសង្កត់ស្លាប់មនុស្ស ២៣នាក់ ក្នុងនោះមានទំាងកុមារ០៤នាក់ និងស្ត្រី០៧នាក់ រីឯ២៨នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការរលំជញ្ជាំងនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ដែលវាអាចបណ្តាលពីការសាងសង់ អគារខុសបច្ចេកទេស៕