(បរទេស)៖ សាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) បានធ្លាក់ទៅក្នុងអស្ថិរភាពចាប់តាំងតែពីពេលដែលរដ្ឋនេះទទួលបានឯករាជ្យពីបារាំង កាលពីឆ្នាំ១៩៦០មកម៉្លេះ ហើយប្រទេសមួយនេះសម្បូរហូរហៀរណាស់ទៅដោយរ៉ែ ត្បូង មាស ប្រេង និងអ៊ុយរ៉ាញ៉ូម ក៏ប៉ុន្តែបែរជាជាប់ឈ្មោះក្នុងចំណោមប្រទេស ដែលមានប្រជាជនក្រីក្របំផុតលើលោកទៅវិញ។
ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបខ្លះៗ ស្តីពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល៖
១៖ ប្រវត្តិជាទូទៅ
សាធារណរដ្ឋអាហ្រ្វិកកណ្តាលបាន និងកំពុងទទួលរងវិបត្តិដ៏រ៉ាំរ៉ៃចាប់ពីឆ្នាំ២០១៣មក នៅពេលដែលក្រុមឧទ្ទាមអ៊ីស្លាមក្រុម Seleka បានដណ្តើមអំណាចនៅក្នុងប្រទេស ដែលពោរពេញទៅដោយអ្នកកាន់សាសនាគ្រិស្តមួយនេះ ហើយក្រុមប្រដាប់អាវុធដែលភាគច្រើនជាអ្នកកាន់សាសនាគ្រិស្ត មានឈ្មោះថា Anti-Balaka ក៏បានងើបឈរឡើងដើម្បីតទល់ជាមួយក្រុម Seleka។
Seleka បានប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលអន្តរកាលកាលពីឆ្នាំ២០១៤ នៅក្រោមសម្ពាធពីអន្តរជាតិ តែក្រោយមកអំពើហិង្សាបានផ្ទុះឡើងជាបន្តបន្ទាប់ឥតឈប់ឈរ និងទីបំផុតប្រទេសក្នុងទ្វីបអាហ្រ្វិកមួយនេះ ក៏បានបែកខ្ញែកគ្នា ទោះបីជាមានវត្តមាននៃកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងបេសកកម្មការទូតបារាំងយ៉ាងណាក្តី។
យ៉ាងណាមិញ សាធារណរដ្ឋអាហ្រ្វិកកណ្តាលកំពុងតែឆ្លងកាត់ការផ្លាស់ប្តូរ ដែលគ្រប់គ្រងក៏ដូចជាមើលខុសត្រូវដោយអន្តរជាតិ រួមមានទាំងការបោះឆ្នោតប្រជាមតិលើរដ្ឋធម្មនុញ្ញ និងការបោះឆ្នោតសភា ព្រមទាំងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
២៖ មេដឹកនាំ
ប្រធានាធិបតី លោក Faustin-Archange Touadera ដែលជាអតីតនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ CAR និងជាសាស្រ្តាចារ្យផ្នែកគណិតវិទ្យាផងដែរត្រូវបានប្រកាសថា ជាអ្នកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ហើយការបោះឆ្នោតនេះត្រូវបានគេមើលឃើញថា គឺជាការបោះជំហានដ៏សំខាន់មួយ ដើម្បីបើកទំព័រប្រវត្តិសាស្រ្តថ្មីរបស់ប្រទេស ដែលជួបតែភាពហិង្សាអស់ជាច្រើនឆ្នាំកន្លងមក។ លោក Touadera បានឈ្នះការបោះឆ្នោត ជាមួយសំឡេងគាំទ្រ ៦២.៧១ភាគរយ បន្ទាប់ពីលោកបានខិតខំប្រឹងប្រែងដើរតួជាអ្នកផ្សះផ្សាជាតិ ដែលអាចផ្សាភ្ជាប់ការបែកបាក់ និងចុះសម្រុងគ្នានៃសាសនានៅក្នុងប្រទេសនេះបាន នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។
៣៖ ប្រព័ន្ធផ្សព្វផ្សាយ
ស្ថានីយ៍វិទ្យុគឺជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដ៏ពេញនិយមបំផុត នៅក្នុងសាធារណរដ្ឋអាហ្រ្វិកកណ្តាល ក៏ប៉ុន្តែជម្លោះដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសបានបង្កផលវិបាកយ៉ាងខ្លាំង ដល់ការអភិវឌ្ឍផ្នែកប្រព័ន្ធព័ត៌មានរបស់សាធារណរដ្ឋ CAR។
៤៖ កាលបរិច្ឆេទសំខាន់ៗ នៅក្នុងប្រវត្តិសាស្រ្តរបស់សាធារណរដ្ឋអាហ្រ្វិកកណ្តាល
* ទសវត្សឆ្នាំ១៨៨០៖ បារាំងបានចូលមកដាក់អាណានិគមលើសាធារណរដ្ឋអាហ្រ្វិកកណ្តាល។
* ឆ្នាំ១៩៦០៖ សាធារណរដ្ឋអាហ្រ្វិកកណ្តាល ក្លាយជាប្រទេសឯករាជ្យដោយមាន លោក David Dacko ជាប្រធានាធិបតី ហើយលោក Dacko បានប្រែក្លាយប្រទេសនេះទៅរដ្ឋមានបក្សតែមួយ។
* ឆ្នាំ១៩៦៥៖ លោក Dacko ត្រូវបានទម្លាក់ពីអំណាចដោយមេបញ្ជាយោធាម្នាក់ឈ្មោះ Jean-Bedel Bokassa ដែលបានប្រកាសតែងតាំងខ្លួនឯងជាអធិរាជ នៃអាណាចក្រអាហ្រ្វិកកណ្តាល។
* ឆ្នាំ១៩៧៩៖ លោក Bokassa ត្រូវបានទម្លាក់ចេញពីអំណាច ដោយរដ្ឋប្រហារគាំទ្រដោយកងទ័ពបារាំង។
* ឆ្នាំ១៩៨១៖ មេទ័ពឈ្មោះ Andre Kolingba បានឡើងកាន់អំណាចបន្ត។
* ឆ្នាំ១៩៩៣៖ លោក Ange-Felix Patasse បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ហើយការគ្រប់គ្រងដោយអំណាចយោធា អស់រយៈពេល១២ឆ្នាំ បានឈានចូលដល់ទីបញ្ចប់។
* ឆ្នាំ២០០៣៖ មេដឹកក្រុមឧទ្ទាម និងអតីតមេបញ្ជការយោធា លោក Francois Bozize បានដណ្តើមអំណាច។
* ឆ្នាំ២០០៩៖ ការប្រយុទ្ធគ្នារវាងរដ្ឋាភិបាល និងក្រុមឧទ្ទាមនៅតែបន្តកើតមានឡើង។ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានឯកភាពក្នុងការបង្កើតការិយាល័យកសាងសន្តិភាព UN សម្រាប់សាធារណរដ្ឋអាហ្រ្វិកកណ្តាល ដើម្បីផ្តោតសំខាន់លើភាពអសន្តិសុខនៅក្នុងប្រទេស។
* ខែវិច្ឆិកា ឆ្នាំ២០១២៖ សម្ព័ន្ធពួកឧទ្ទាម Seleka ថ្មី បានពង្រាយឥទ្ធិពលយ៉ាងរហ័ស នៅតំបន់ភាគកណ្តាល និងភាគខាងជើង និងក្រោយមកទៀតរដ្ឋធានីរបស់សាធារណរដ្ឋ CAR តែម្តង។
* ឆ្នាំ២០១៣៖ ភាពចលាចលនៅតែបន្ត ស្របពេលអ្នកប្រយុទ្ធមូស្លីម និងគ្រិស្ត បានរងការចោទប្រកាន់ថា បានសម្លាប់ជីវិតមនុស្សរាប់រយនាក់។
* ឆ្នាំ២០១៤៖ លោក Michel Djotodia មេរដ្ឋប្រហារដែលបានដឹកនាំសម្ព័ន្ធ Seleka បានចុះចេញពីតំណែងជាប្រធានាធិបតី ហើយលោក Catherine Samba-Panza បានឡើងកាន់អំណាចជំនួសជាមេដឹកនាំស្តីទី។
* ឆ្នាំ២០១៥៖ មានការបោះឆ្នោតប្រជាមតិស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ និងក្រោយមកទៀតការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីមួយ។
* ឆ្នាំ២០១៦៖ ភាពតានតឹងកើតមានឡើងនៅមុនការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីជុំទីពីរ តែវាបានប្រព្រឹត្តទៅដោយរលូនដដែល។ ស្របពេលជាមួយគ្នា តុលាការធម្មនុញ្ញបានចាត់ទុកនូវ លទ្ធផលនៃការបោះឆ្នោតសភាជាមោឃៈ ដោយលើកយកហេតុផលថា មានភាពមិនប្រក្រតី។
៥៖ ចំណេះដឹងបន្ថែមពីសាធារណរដ្ឋ CAR
* រដ្ឋធានី៖ បានហ្គុយ (Bangui)
* ចំនួនប្រជាជនសរុប៖ ៤.៦លាននាក់
* ផ្ទៃក្រឡា៖ ៦២២,៩៨៤គីឡូម៉ែត្រការ៉េ
* ភាសា៖ បារាំង, សាងហូ (Sangho)
* សាសនាធំៗ៖ គ្រិស្ត, អ៊ីស្លាម, និងជំនឿសាសនា នៃជនជាតិដើមភាគតិច
* អាយុកាលមធ្យម៖ បុរស (៤៨ឆ្នាំ) និងស្រ្តី (៥១ឆ្នាំ)
* រូបិយប័ណ្ណ៖ CFA franc
ប្រភពព័ត៌មាន៖ BBC News