(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាត់ចោលការរិះគន់ទាំងឡាយ ពាក់ព័ន្ធនឹងការសម្រេចចិត្តបណ្ដេញនាយក FBI លោក James Comey ចេញពីតំណែង ខណៈគណបក្សប្រជាធិបតេយ្យបានស្នើសុំឱ្យបន្តការស៊ើបអង្កេតដោយឯករាជ្យ ស្ដីពីទំនាក់ទំនងរវាងក្រុមយុទ្ធនា ការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅឯសេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានការពារការសម្រេចចិត្តរបស់លោក ហើយបានហៅក្រុមសមាជិកសភាប្រជាធិបតេយ្យ ដែលរិះគន់ការសម្រេចចិត្តនេះថា ជាមនុស្សពុតត្បុត។ បន្ថែមពីលើនេះ លោក ត្រាំ ក៏បានអះអាងថា ការបណ្ដេញ លោក Comey ចេញពីតំណែងគឺដោយសារតែនាយក FBI រូបនេះមានភាព «ឃោរឃៅ» លើការងារ ពោលគឺការបណ្ដេញចេញនេះ មិនមានជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើរុស្ស៊ីនោះឡើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្ដេញ លោក James Comey មានអាយុ៥៦ឆ្នាំ ចេញពីតំណែងកាលពីថ្ងៃអង្គារ តាមអនុសាសន៍របស់អគ្គរដ្ឋអាជ្ញា លោក Jeff Sessions ក្រោមហេតុផល លោក Comey មិនមានសមត្ថភាពក្នុងការដឹកនាំ FBI ឱ្យមានប្រសិទ្ធិភាព។ តែយ៉ាងណា ការសម្រេចចិត្តនេះ ធ្វើឡើងនៅក្រោយពេល លោក Comey ប្រាប់សភាអាមេរិកថា លោកបានរកឃើញប្រភពជាច្រើនសម្រាប់ការស៊ើប អង្កេតជុំវិញទំនាក់ទំនងរវាង ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក តាំ្រ ជាមួយរុស្ស៊ី។ ម្យ៉ាងវិញទៀត ក្រោយឡើងកាន់អំណាចនៅថ្ងៃទី២០ ខែមករា គឺលោក ត្រាំ ខ្លួនឯងជាអ្នកស្នើសុំឱ្យលោក Comey កាន់តំណែងជានាយក FBI ដដែល ត្បិតលោកបានសរសើរមិនដាច់ពីមាត់ថា លោក Comey ជាមនុស្សមានសមត្ថភាព និងគួរឱ្យគោរព៕