(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ទំនងជានឹងអាចពង្រីកការហាមឃាត់ការយកកុំព្យូទ័រយួរដៃ ឬឧបករណ៍អេឡិចត្រូនិកមានទំហំប្រហាក់ ប្រហែលឡើងលើយន្ដហោះ ហើយវិធានការនេះ ក៏អាចនឹងរាប់បញ្ចូលទំាងបណ្ដាប្រទេសមួយចំនួនអឺរ៉ុបផងដែរ។ នេះបើតាមប្រភពពីមន្ត្រីអាមេរិក និងអឺរ៉ុបពាក់ព័ន្ធនឹងកិច្ចការនេះ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។
ក្រុមទំាងនេះដដែល ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹងទៀតថា ការពង្រីកវិធានការហាមឃាត់ខាងលើ នឹងបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកខ្លះដូចជា United Airlines (UAL.N), Delta Air Lines Inc (DAL.N) និងក្រុមហ៊ុន American Airlines Group (AAL.O) ប៉ុន្តែពួកគេមិនបានបញ្ជាក់ថា វិធានការនេះនឹងត្រូវអនុវត្តន៍នៅពេលណានោះទេ ខណៈក្រសួងសន្តិសុខមាតុភូមិអាមេរិក មានគំរោងជួបជាមួយបណ្តាមន្ត្រី ឧស្សាហកម្មអាកាសចរណ៍នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខនេះ។
គួររំលឹកថា កាលពីខែមីនាកន្លងទៅសហរដ្ឋអាមេរិក បានប្រកាសពីវិធានការហាមឃាត់ការយកកុំព្យូទ័រយួរដៃ ឬឧបករណ៍អេឡិចត្រូនិកមានទំហំប្រហាក់ប្រហែលឡើងលើយន្ដហោះ ហើយវិធានការនេះមានជាប់ពាក់ព័ន្ធនឹងអាកាសយានដ្ឋាននៅក្នុងប្រទេសចំនួន១០ ដូចជា អារ៉ាប៊ី សាអ៊ូឌីត, អេមីរ៉ាត់ អារ៉ាប់រួម, កាតា និងតួកគីជាដើម ក្រោមហេតុផលទប់ស្កាត់ការវាយប្រហារដោយភេរវកម្ម៕