(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នឹងត្រូវជួបពិភាក្សការងារជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅថ្ងៃពុធនេះ នៅឯសេតវិមាន។ ដំណើរទស្សនកិច្ចរបស់លោក Lavrov ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានបណ្ដេញនាយក FBI លោក James Comey ចេញពីតំណែងក្រោមហេតុផលគ្មានសមត្ថភាព ហើយការសម្រេចចិត្តបែបនេះបាននិងកំពុងបង្កព្យុះភ្លៀងសាជាថ្មីនៅក្នុងនយោបាយអាមេរិក។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ មុននឹងជួបលោក ដូណាល់ ត្រាំ លោក ឡាវរ៉ូវ (Lavrov) ក៏បានជួបពិភាក្សាការងារផងដែរ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល្លឺសុន ដោយអ្នកទំាងពីរបានផ្ដោតសំខាន់លើវិបត្តិនៅស៊ីរី ជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ក៏ប៉ុន្តែ ជំនួប រវាងប្រមុខការទូតទំាងពីរ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោកត្រាំ ដេញលោក ខូមី (Comey) ចេញពីតំណែងជានាយក FBI ហើយនៅពេល អ្នកសារព័ត៌មានសួរពីរឿងនេះ លោក Lavrov បាននិយាយទំាងភ្ញាក់ផ្អើលថា៖« គាត់(លោក ខូមី) ត្រូវបានបណ្ដេញពីតំណែងហើយ? អ្នកកុំលេងសើច ជាមួយខ្ញុំ! អ្នកកំពុងលេងសើចហើយ»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក Sergey Lavrov មកកាន់ទីក្រុងវ៉ាស៊ីនតោន គឺជាលើកដំបូងបំផុត ក្នុងរយៈពេលបួនឆ្នាំមកនេះ។ មួយវិញទៀត នៅក្នុងជំនួបជាមួយលោក ធីល្លឺសុន គេក៏រំពឹងទុកដែរថា ពួកគេទំាងពីរបានពិភាក្សាគ្នា ទាក់ទិននឹងការរៀបចំជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន៕