(ឡុងដ៍)៖ បើទោះជានាយកការិយាល័យប៉ូលិសសហព័ន្ធអាមេរិក FBI លោក James Comey ត្រូវបានលោក ដូណាល់ ត្រាំ បណ្ដេញចេញពីតំណែង ក៏ដោយ តែលោកនឹងមិនដើរទាត់ខ្យល់នោះទេ ត្បិតយើងនឹងទុកកន្លែងឱ្យលោក ធ្វើការនៅក្នុងគេហទំព័រ Wikileaks។ នេះគឺជាសម្ដីរបស់ស្ថាបនិក Wikileaks លោក Julian Assange ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។
លោក Julian Assange នៅលើ Twitter បានសរសេរបែបចំអកដូច្នេះថា៖« Wikileaks នឹងសប្បាយចិត្តក្នុងការផ្ដល់ការងារឱ្យលោក James Comey ដើម្បីដឹកនាំការិយាល័យរបស់ខ្លួន នៅទីក្រុងវ៉ាស៊ីនតោន បើសិនជាលោកចង់ធ្វើការងារជាអ្នកស៊ើបអង្កេត លើរដ្ឋាភិបាលអាមេរិក»។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្ដេញ លោក James Comey មានអាយុ៥៦ឆ្នាំ ចេញពីតំណែងតាម អនុសាសន៍របស់អគ្គរដ្ឋអាជ្ញា លោក Jeff Sessions ក្រោមហេតុផល លោក Comey មិនមានសមត្ថភាពក្នុងការដឹកនាំ FBI ឱ្យមានប្រសិទ្ធិភាព។ តែយ៉ាង ណា ការសម្រេចចិត្តនេះ ធ្វើឡើងនៅចំពេលដែល FBI កំពុងដឹកនាំការស៊ើបអង្កេតពាក់ព័ន្ធនឹងទំនាក់ទំនង រវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ដូណាល់ ត្រាំ ជាមួយរុស្ស៊ី។ ម្យ៉ាងវិញទៀត ក្រោយឡើងកាន់អំណាចនៅថ្ងៃទី២០ ខែមករា គឺលោកត្រាំខ្លួនឯង ជាអ្នកស្នើសុំឱ្យលោក Comey កាន់ តំណែងជានាយក FBI ដដែល ត្បិតលោកបានសរសើរមិនដាច់ពីមាត់ថា លោក Comey ជាមនុស្សមានសមត្ថភាព និងគួរឱ្យគោរព៕