(ពិភពលោក)៖ នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃ នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាង ក្រោម៖
១៖ ប្រជាជនកូរ៉េខាងត្បូងបានរកឃើញប្រធានាធិបតីថ្មីទី១២ហើយ គឺលោក Moon Jae-in ដែលជាអ្នកនយោបាយជើងចាស់ម្នាក់មានជំហរទន់ភ្លន់ចំពោះ កូរ៉េខាងជើង។ ជាក់ស្ដែងគ្រាន់តែ ស្បថចូលកាន់តំណែងភ្លាម លោក Moon បានបង្ហាញពីបំណងចង់ទៅទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ដើម្បីព្យាយាម ស្វែងរកកិច្ចចរចាជាមួយទីក្រុងព្យុងយ៉ាង៕
២៖ កងកម្លាំងយោធាថៃកំពុងតាមប្រមាញ់ជនសង្ស័យចំនួនបួននាក់ ជុំវិញករណីបំផ្ទុះរថយន្តធុនធំមួយគ្រឿងកាលពីថ្ងៃអង្គារ ដែលបានបង្ករបួសស្នាមយ៉ាង ដំណំដល់មនុស្សជាង៦០នាក់ នៅខាងក្រៅផ្សារទំនើបមួយកន្លែងក្នុងខេត្ត Pattani ភាគខាងត្បូងប្រទេសថៃ ជាតំបន់ដែលតែងតែបានទទួលរងការវាយប្រហារពីក្រុមសកម្មបំបែករដ្ឋឥតឈប់ឈរ៕
៣៖ បន្ទាប់ពីបានទន្ទឹមរង់ចាំ និងត្រៀមលក្ខណៈអស់ពេលយ៉ាងយូរ នៅទីបំផុតបុរសដែលមានទម្ងន់ធ្ងន់ជាងគេបង្អស់នៅលើពិភពលោក ៦០០គីឡូក្រាម បានទទួល និងឆ្លងកាត់ការវះកាត់សម្រកទម្ងន់ដោយជោគជ័យហើយ ដោយគេរំពឹងថានឹងបញ្ចុះទម្ងន់របស់លោកបានយ៉ាងតិចពាក់កណ្តាល៕
៤៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបណ្ដេញនាយកការិយាល័យប៉ូលិសសហព័ន្ធអាមេរិក FBI លោក James Comey ចេញពីតំណែង ដែលនេះគឺជាការសម្រេចចិត្តដ៏ភ្ញាក់ផ្អើល និងកំពុងបង្កជាភាពចម្រូងចម្រាស់ជាថ្មី នៅក្នុងចំណោមអ្នកនយោបាយអាមេរិក។ យោងតាមសេតវិមាន ការបណ្ដេញ លោក Comey ពីតំណែងគឺដោយសារបញ្ហាសមត្ថភាព ក៏ប៉ុន្តែលោក ដូណាល់ ត្រាំ ខ្លួនឯងគឺជាអ្នកស្នើសុំឱ្យនាយក FBI រូបនេះបន្តតំណែង នេះដដែល នៅក្រោមរដ្ឋបាលរបស់លោក ដោយលោកថែមទំាងសរសើរ មិនដាច់ពីមាត់ថាលោកជាមនុស្សមានសមត្ថភាព និងគួរឱ្យគោរពបំផុត៕
៥៖ ឧបនាយករដ្ឋមន្ត្រីតួកគី លោក Nurettin Canikli បាននិយាយថា ទីក្រុងអង់ការ៉ាសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបិទបញ្ចប់គោលនយោបាយគាំទ្រក្រុម ឧទ្ទាមឃើដស៊ីរី YPG ហើយថាតួកគីមិនអាចទទួលយកបានឡើយ ចំពោះការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនដល់ក្រុមឧទ្ទាមមួយនេះ។ ការលើកឡើងរបស់ លោក Nurettin កើតមានឡើងបន្ទាប់ពីប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ អនុម័តលើការផ្ដល់ជំនួយជាអាវុធដល់ YPG៕
៦៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធនេះ បានតិះដៀលធ្ងន់ៗ ដល់សហរដ្ឋអាមេរិក សម្រាប់សេចក្តីប្រកាសនៃការហ្វឹកហាត់ជម្លៀសខ្លួនរបស់ពលរដ្ឋអាមេរិក នៅកូរ៉េខាងត្បូងថាជាការបើកឆាកធ្វើសង្រ្គាមដើម្បីឈ្លានពានកូរ៉េខាងជើង៕