(ប៉ាតានី)៖ កងកម្លាំងយោធាថៃកំពុងតាមប្រមាញ់ជនសង្ស័យចំនួនបួននាក់ ជុំវិញករណីបំផ្ទុះរថយន្តធុនធំមួយគ្រឿង ដែលបានបង្ករបួសស្នាមយ៉ាងដំណំដល់មនុស្សជាង៦០នាក់ នៅខាងក្រៅផ្សារទំនើបមួយកន្លែង ក្នុងខេត្ត Pattani ភាគខាងត្បូងប្រទេសថៃ ជាតំបន់ដែលតែងតែបានទទួលរងការវាយប្រហារ ពីក្រុមសកម្មបំបែករដ្ឋឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Arun Prasertsuk ជាអនុប្រធានមន្ទីរពេទ្យ Pattani Hospital បានឱ្យដឹងយ៉ាងដូច្នេះថា «មនុស្សយ៉ាងហោចណាស់៦០នាក់ បានរងរបួសក្នុងនោះ២០របួសធ្ងន់ ដោយសារតែការវាយប្រហារបំផ្ទុះរថយន្ដ ដែលបានបង្កជាការខូចខាតសម្ភារៈមួយចំនួនផងដែរ»។ យ៉ាងណាមិញពុំទាន់មាន ក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ក៏ប៉ុន្តែក្រុមអាជ្ញាធរថៃ សង្ស័យថា វាជាស្នាដៃរបស់ក្រុមឧទ្ទាមបំបែករដ្ឋនៅភាគខាងត្បូងនៃប្រទេសតែម្តង។
គួរបញ្ជាក់ថា អំពើហិង្សារវាងក្រុមឧទ្ទាមបំបែករដ្ឋជាមួយអាជ្ញាធរថៃ នៅតំបន់ភាគខាងត្បូងនៃប្រទេសដូចជា ខេត្ត Yala, Pattani និងខេត្ត Narathiwat បានផ្ដាច់យកអាយុជីវិតមនុស្សច្រើនជាង ៦,៥០០នាក់ គិតចាប់តាំងពីឆ្នាំ២០០៤មក៕