(អង់ការ៉ា)៖ ឧបនាយករដ្ឋមន្ត្រីតួកគី លោក Nurettin Canikli បាននិយាយថា ទីក្រុងអង់ការ៉ាសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបិទបញ្ចប់គោលនយោបាយ គាំទ្រក្រុមឧទ្ទាមឃើដស៊ីរី YPG ហើយថា តួកគីមិនអាចទទួលយកបានឡើយ ចំពោះការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនដល់ក្រុមឧទ្ទាមមួយនេះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។
ការលើកឡើងខាងលើរបស់ លោក Nurettin Canikli កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តលើការផ្ដល់ជំនួយជាអាវុធ ដល់ក្រុមឧទ្ទាម YPG ដើម្បីប្រឆាំងនឹងពួក ISIS នៅក្នុងទីក្រុងរ៉ាកកា ប្រទេសស៊ីរី។ លោក Nurettin បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ ប្រព័ន្ធផ្សព្វផ្សាយតួកគី Haber យ៉ាងដូច្នេះថា «យើងមិនអាចទទួលយកបានឡើយ វត្ដមានក្រុមភេរវករ ដែលចង់គំរាមកំហែងដល់អនាគតតួកគី... ដូច្នេះយើងសង្ឃឹមថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន នឹងបញ្ឈប់ការគាំទ្រ ក្រុមភេរវករមួយនេះ (YPG) ព្រោះថា គោលនយោបាយបែបនេះ មិនបានផ្ដល់ផលចំណេញអ្វីទាល់តែសោះ ហើយអ្នក (សហរដ្ឋអាមេរិក) ក៏មិនអាចស្ថិតនៅក្នុងកញ្ចប់តែមួយជាមួយពួកភេរវករដែរ»។
គួរបញ្ជាក់ថា សម្រាប់ប្រទេសតួកគីក្រុមឧទ្ទាមឃើដ YPG គឺជាផ្លូវចម្លងដ៏សំខាន់ក្នុងការពង្រីកឥទ្ធិពលនៅស៊ីរី និងក្បែរតំបន់ព្រំដែនតួកគី របស់ក្រុមឧទ្ទាមឃើដ PKK ដែលត្រូវបានសហរដ្ឋអាមេរិក តួកគី និងអឺរ៉ុបចាត់ទុកថា ជាក្រុមអង្គការភេរវកម្ម តែងតែដឹកនាំសកម្មភាពវាយប្រហារបំផ្ទុះគ្រាប់បែកនៅតួកគី៕