(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធនេះ បានតិះដៀលធ្ងន់ៗដល់សហរដ្ឋអាមេរិក សម្រាប់សេចក្តីប្រកាសនៃការហ្វឹកហាត់ជម្លៀសខ្លួនរបស់ពលរដ្ឋអាមេរិក នៅកូរ៉េខាងត្បូងថា ជាការបើកឆាកធ្វើសង្រ្គាម ដើម្បីឈ្លានពានកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។
សារព័ត៌មានរដ្ឋ Rodong Sinmun របស់របបដឹកនាំទីក្រុងព្យុងយ៉ាង បានលើកឡើងនៅក្នុងបទវាចារណកថាមួយរបស់ខ្លួនថា អាមេរិកបានប្រកាសអំពីគម្រោងនៃការជម្លៀសខ្លួន ក្នុងគោលបំណងបន្លាចកូរ៉េខាងជើង ដោយហេតុតែប្រទេសមហាអំណាចមួយនេះនាពេលកន្លងមក តែងតែបានធ្វើការហាត់សមបែបនេះជាសម្ងាត់។ Rodong Sinmun បានបន្ថែមថា «នេះគ្មានអ្វីក្រៅពីការបើកឆាកចាប់ផ្តើមនៃការធ្វើសង្រ្គាម ដើម្បីឈ្លានពានកូរ៉េខាងជើង និងជាការប្រកាសដោយបើកចំហររបស់សហរដ្ឋអាមេរិក ដើម្បីបង្កាត់ភ្លើងសង្រ្គាមនៅពេលណាមួយនោះឡើយ»។
អត្ថបទខាងលើបានបន្តទៀតថា វាមើលទៅហាក់ដូចជាឆោតខ្លាំងណាស់ សម្រាប់អាមេរិកក្នុងការគិតថា ប្រជាពលរដ្ឋរបស់ខ្លួនអាចរត់ចាកចេញ ទៅមាតុភូមិរបស់ពួកគេវិញដោយសុវត្ថិភាព ក្នុងករណីទីក្រុងវ៉ាស៊ីនតោនបង្កសង្រ្គាមនៅឧបទ្វីបកូរ៉េ ស្របពេលដែលកូរ៉េខាងជើងមានសមត្ថភាពអាចវាយប្រហារ ទៅដល់ដែនដីទាំងមូលរបស់អាមេរិកបានហើយនោះ។
កាសែត Rodong Sinmun បានព្រមានជាចុងក្រោយថា «កាលពីសម័យសង្រ្គាមកូរ៉េពួកចក្រពត្តិឈ្លានពានអាមេរិក អាចវិលត្រឡប់ទៅកាន់ផ្ទះពួកគេវិញបាន ទោះបីជាបានចាញ់យ៉ាងដំណំក្តី ក៏ប៉ុន្តែនាពេលនេះប្រសិនបើសង្រ្គាមផ្ទុះឡើង សូម្បីតែអ្នកដែលរួចរស់ជីវិត ក៏មិនអាចស្វែករកកន្លែងជ្រកកោណបានដែរ។ សហរដ្ឋអាមេរិកយល់ល្អ គួរតែចាត់វិធានការជាបន្ទាន់ដើម្បីសង្រ្គោះជីវិតប្រជាជនអាមេរិករាប់រយលាននាក់ នៅក្នុងទឹកដីខ្លួនវិញទៅ ជាជាងមកព្រួយបារម្ភអំពីសន្តិសុខ ក៏ដូចជាសុវត្ថិភាពរបស់អ្នកទាំងនោះនៅកូរ៉េខាងត្បូង»៕