(ម៉ិចស៊ីកូ)៖ បន្ទាប់ពីបានទន្ទឹមរង់ចាំ និងត្រៀមលក្ខណៈអស់ពេលយ៉ាងយូរ នៅទីបំផុតបុរសដែលមានទម្ងន់ធ្ងន់ជាងគេបង្អស់នៅលើពិភពលោក ៦០០គីឡូក្រាម បានទទួល និងឆ្លងកាត់ការវះកាត់សម្រកទម្ងន់ដោយជោគជ័យហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។
យោងតាមលោកវេជ្ជបណ្ឌិត Jose Castaneda ការវះកាត់ខាងលើនេះទៅលើ លោក Juan Pedro Franco ត្រូវបានរំពឹងថា នឹងបញ្ចុះទម្ងន់រូបលោកបានយ៉ាងតិចពាក់កណ្តាល ហើយលោកនឹងត្រូវទទួលការវះកាត់មួយលើកទៀត។ លោក Castaneda បានឲ្យដឹងទៀតថា «ការវះកាត់បានប្រព្រឹត្តទៅដោយជោគជ័យ ក៏ប៉ុន្តែយើងត្រូវរង់ចាំមើលថា តើលោក Franco នឹងប្រតិកម្មឆ្លើយតបចំពោះការផ្លាស់ប្តូរយ៉ាងដូចម្តេច។ សង្ឃឹមថាអ្វីនឹងវិវឌ្ឍន៍តាមការគ្រោងទុកទៅចុះ»។
គួរបញ្ជាក់ថា លោក Juan Pedro Franco វ័យ ៣២ឆ្នាំដែលធ្លាប់មានទម្ងន់ដល់ទៅ ៥៩៥គីឡូក្រាមពោលគឺជាងកន្លះតោននោះ បានតមអាហារអស់រយៈពេលប្រមាណជាប្រាំខែមកហើយ ដើម្បីត្រៀមលក្ខណៈសម្រាប់ទទួលកាត់ការវះកាត់ ដែលបានប្រព្រឹត្តទៅនាថ្ងៃអង្គារសប្តាហ៍នេះ ហើយភាពអត់ធ្មត់បានជួយឲ្យលោក Franco ស្រកទម្ងន់អស់ជិត២០០គីឡូក្រាម នៅឯគ្លីនិកឯកទេសខាងបញ្ចុះគីឡូមួយកន្លែង ដើម្បីធ្វើឲ្យរូបលោកក្លាយជាបេក្ខជនដ៏សាកសមម្នាក់សម្រាប់ការវះកាត់សម្រកទម្ងន់នេះ៕