(វ៉ាស៊ីនតោន)៖ អំពើហិង្សាបានកើតឡើងនៅឯអាកាសយានដ្ឋាន Fort Lauderdale-Hollywood Airport ស្ថិនក្នុងរដ្ឋ Florida សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ដោយបានបង្កឱ្យជើងហោះហើរជាច្រើនត្រូវលុបចោល ខណៈអ្នកដំណើររាប់រយនាក់ បានផ្ទុះកំហឹងចំពោះហេតុការណ៍នេះ។ នេះបើតាមរូបភាពថតដោយកាមេរ៉ាទូរស័ព្ទដៃ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិហួរ នៅរសៀលថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។
យោងតាមរូបភាពវីដេអូដែលអ្នកដំណើរក្នុងចំនួនដ៏ច្រើន រួមទំាងក្រុមមន្ត្រីសន្តិសុខ បានស្ថិតនៅក្នុងហេតុការណ៍វាយប្រតាយប្រតប់គ្នាមួយប្រាវ នៅជិតកន្លែងលក់សំបុត្រយន្ដហោះជាហេតុធ្វើឱ្យជើងហោះហើរចំនួន០៨ នៃអាកាសយានដ្ឋាន Fort ត្រូវបានលុបចោល។ ចំណែកឯខាងក្រុមហ៊ុនអាកាសចរណ៍ Spirit Airline បានស្តីបន្ទោសយ៉ាងខ្លាំងចំពោះការលុបចោលជើងហោះហើរនេះ ដែលបណ្ដាលមកពីវិវាទការងារជាមួយបុគ្គលិករបស់ខ្លួន ដែលកំពុងទាមទារកិច្ចសន្យាការងារល្អប្រសើរជាងមុន។
គួរបញ្ជាក់ថា ក្នុងមួយរយៈពេលចុងក្រោយនេះ ឧស្សាហកម្មអាកាសរណ៍ស៊ីវិលអាមេរិក បានខាតបង់មិនតិចនោះទេ ជាពិសេសបន្ទាប់ពីមានការចាប់អូសទាញអ្នកដំណើរទាំងបង្ខំ ចេញពីលើយន្ដហោះក្រុមហ៊ុន United Airline ហើយបើតាមអ្នកតាមដានជើងហោះហើរ គិតត្រឹមថ្ងៃអង្គារម្សិលមិញ ជើងហោះហើរចំនួន ២៨ទៀតត្រូវបានលុបចោល បន្ថែមពីលើជើងហោះហើរ ៣០០ដែលត្រូវបានលុបចោលពីមុន គិតចាប់តាំងពីដើមខែឧសភាមក៕