(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង ដែលទើបនឹងជាប់ឆ្នោត លោក Moon Jae-in បានថ្លែងឲ្យដឹងនៅថ្ងៃពុធនេះថា រូបលោកបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធ្វើការពិភាក្សាក៏ដូចជាចរចាឡើងវិញជាមួយសហរដ្ឋអាមេរិក និងប្រទេសចិន នៅក្នុងការប៉ុនប៉ង ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធខែលការពារមីស៊ីលដ៏ទំនើប THAAD របស់ទីក្រុងវ៉ាស៊ីនតោននៅលើទឹកដី នៃប្រទេសក្នុងអាស៊ីខាងកើតមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងក្នុងពិធីស្បថឡើងកាន់តំណែងជាមេដឹកនាំកំពូលថ្មី របស់ប្រទេសកូរ៉េខាងត្បូង លោក Moon ក៏បានបង្ហើបឲ្យដឹងទៀតដែរថា លោកមានបំណងចង់ទៅបំពេញទស្សនកិច្ចនៅឯទីក្រុងព្យុងយ៉ាង នាពេលអនាគតនៅក្នុងវេលាដ៏សាកសមណាមួយ។
គួរបញ្ជាក់ថា លោក Moon Jae-in មកពីគណបក្សប្រជាធិបតេយ្យកូរ៉េ នៅថ្ងៃពុធនេះ បានក្លាយខ្លួនជាប្រធានាធិបតីទី១២ និងអាណត្តិដឹកនាំទី១៩ បន្ទាប់ពីបានទទួលសំឡេងគាំទ្រនាំមុខគេខ្លាំងរហូតដល់ ៤១.០៨ភាគរយ តាមពីក្រោយដោយ លោក Hong Joon-pyo ដែលទទួលបានសំឡេងឆ្នោត ២៤.៣ភាគរយ និង លោក Ahn Cheol-soo ២១.៤១ ភាគរយ។ ការជាប់ឆ្នោតនេះត្រូវបានគេមើលឃើញថា ដោយសារតែលោកដើរលើគោលនយោបាយបែបផ្សះផ្សា ដែលនឹងធ្វើឲ្យស្ថានភាពក្តៅគគុកនៅឧបទ្វីបកូរ៉េ ចុះត្រជាក់វិញ៕