(សេអ៊ូល)៖ កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងគួរតែចាកចេញឱ្យឆ្ងាយពីទង្វើឆ្កួតលីលា ដូចជាការធ្វើតេស្ដសាកល្បងអាវុធនុយក្លេអ៊ែរសាជាថ្មី ខណៈប្រធានាធិបតីថ្មី លោក Moon Jae in ក៏បានព្រមានផងដែរ ចំពោះសកម្មភាពបង្ករឿងរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការបញ្ជាក់ពីក្រសួងបង្រួបបង្រួមជាតិ កូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Lee Duk-hang បានលើកឡើងយ៉ាងខ្លីដូច្នេះថា «លោក Moon បានព្រមានថា បើសិនជាកូរ៉េខាងជើងដឹកនាំការធ្វើការបាញ់សាកល្បងមីស៊ីលជាថ្មី នោះអ្វីគ្រប់យ៉ាងរួមទាំងកិច្ចសន្ទនាអន្តរកូរ៉េ គ្មានថ្ងៃកើតឡើងជាដាច់ខាត»។ ដោយឡែកទាក់នឹងបញ្ហានេះដែរ អតីតអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំប្រទេសអង់គ្លេសដែលកំពុងរស់នៅនិរទេសខ្លួននៅកូរ៉េខាងត្បូង បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Sky news ថា ទីក្រុងព្យុងយ៉ាងនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី០៦ គ្រប់ពេលវេលាឱ្យតែមានបញ្ជាពីមេដឹកនាំ លោក គីម ជុងអ៊ុន។
គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន កូរ៉េខាងជើងបានសាកល្បងអាវុធនុយក្លេអ៊ែរចំនួន០៥លើករួចមកហើយ បើទោះជាមានការថ្កោលទោស និងទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិក៏ដោយ។ កូរ៉េខាងជើង សាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូង នៅឆ្នាំ២០០៦ លើកទី០២នៅឆ្នាំ២០០៩ និងលើកទី០៣ ក្នុងឆ្នាំ២០១៣ ហើយលើកទី០៤ និង០៥ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៦៕