(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែលជាមេដឹកនាំប្រទេសក្បែរខាងកូរ៉េខាងត្បូងមួយដែរនោះ បានផ្ញើសារអបអរសាទរ លោក មូន ចែអ៊ីន (Moon Jae-in) ដែលបានឈ្នះឆ្នោត និងស្បថឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មី នៅថ្ងៃពុធនេះតែម្តង។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។
នៅក្នុងសារនោះលោក ស៊ី បានរំលឹកឡើងវិញអំពីទំនាក់ទំនងការទូតរវាងប្រទេសក្បែរខាងទាំងពីរ ដែលបានសម្រេចចេញជាផ្លែផ្កាក្នុងរយៈពេល ២៥ឆ្នាំកន្លងផុតទៅ ហើយចិនមានឆន្ទៈក្នុងការធានារក្សាឲ្យបាននូវទំនាក់ទំនងប្រកបដោយភាពវិជ្ជមាននេះ ជាមួយមេដឹកនាំកូរ៉េខាងត្បូងថ្មីបន្តទៅទៀត។ លោក ស៊ី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំពិតជាចង់បំពេញការងារជាមួយអ្នក ដើម្បីធានាឲ្យបាននូវការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងត្បូង ដើម្បីទទួលបានផលប្រយោជន៍កាន់តែប្រសើរឡើង សម្រាប់ប្រជាជននៃប្រទេសទាំងពីរ»។
គួរបញ្ជាក់ថា គោលនយោបាយលោក មូន ចែអ៊ីន ដែលគ្រប់គ្នាមើលឃើញនោះ គឺមានចំណុចជាច្រើនដែលសមស្របទៅតាមអ្វីដែលចិនចង់បាន ដូចជាការប្តេជ្ញារបស់លោក ក្នុងការស្តារទំនាក់ទំនងប្រសើរឡើងជាមួយកូរ៉េខាងជើង, ការប្រឆាំងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD និងការរក្សាទំនាក់ទំនងមិនឲ្យជិតស្និទ្ធខ្លាំងពេកជាមួយសហរដ្ឋអាមេរិកជាដើម។ លោក មូន បានទទួលសំឡេងគាំទ្រនាំមុខគេខ្លាំងរហូតដល់ ៤១.០៨ភាគរយ តាមពីក្រោយដោយ លោក Hong Joon-pyo ដែលទទួលបានសំឡេងឆ្នោត ២៤.៣ភាគរយ និង លោក Ahn Cheol-soo ២១.៤១ ភាគរយ៕