(សេអ៊ូល)៖ ទីបំផុតនៅថ្ងៃពុធនេះ ក្រោយការប្រកាសលទ្ធផលជាប់ឆ្នោតជាផ្លូវការតែប៉ុន្មានម៉ោងប៉ុណ្ណោះ លោក មូន ចែអ៊ីន (Moon Jae-in) បានធ្វើពិធីស្បថឡើងកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូងជាផ្លូវការនៅក្នុងរដ្ឋសភាជាតិ នៃរដ្ឋធានីសេអ៊ូល ដោយមានការអបអរសាទរពីប្រជាជនកូរ៉េខាងត្បូង នៅគ្រប់ទិសទីទូទាំងប្រទេសអាស៊ីឦសានមួយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។
លោក មូន ចែអ៊ីន មានអាយុ ៦៤ឆ្នាំ គឺជាប្រធានាធិបតីទី១២ របស់ប្រទេសកូរ៉េខាងត្បូង ដែលបន្តតំណែងពីរដ្ឋាភិបាលអាណត្តិមុន ដែលគ្រប់គ្រងដោយគណបក្សអភិរក្សនិយមរបស់ លោកស្រី ផាក គឺនហេ ដែលកំពុងជាប់ឃុំខ្លួន និងទទួលការស៊ើបអង្កេតជុំវិញរឿងអាស្រូវពុករលួយ ជាមួយមិត្តជិតស្និតលោកស្រី ឈ្មោះ ឆយ ស៊ូនស៊ីល ដែលបាននាំឲ្យលោកស្រីត្រូវធ្លាក់ពីតំណែងយ៉ាងអាម៉ាស់បំផុត។
គួរបញ្ជាក់ថា លោក មូន បានទទួលសំឡេងគាំទ្រនាំមុខគេខ្លាំងរហូតដល់ ៤១.០៨ភាគរយ តាមពីក្រោយដោយ លោក Hong Joon-pyo ដែលទទួលបានសំឡេងឆ្នោត ២៤.៣ភាគរយ និង លោក Ahn Cheol-soo ២១.៤១ ភាគរយ។ ការជាប់ឆ្នោតនេះត្រូវបានគេមើលឃើញថា ដោយសារតែលោកដើរលើគោលនយោបាយបែបផ្សះផ្សា ដែលនឹងធ្វើឲ្យស្ថានភាពក្តៅគគុកនៅឧបទ្វីបកូរ៉េ ចុះត្រជាក់វិញ៕