(សេអ៊ូល)៖ ជ័យជម្នះរបស់លោក Moon Jae-in ក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មី មិនបានធ្វើគេគ្រប់គ្នាភ្ញាក់ផ្អើលអ្វីធំដុំនោះទេ ព្រោះគេបានរំពឹងទុករួចជាមុនទៅហើយថា អ្នកនយោបាយជើងចាស់មានជំហរទន់ភ្លន់ជាមួយកូរ៉េខាងជើងរូបនេះ នឹងឈ្នះនៅក្នុងការបោះឆ្នោត។ តែអ្វីដែលគេកំពុងរង់ចាំមើល នោះគឺថា លោកនឹងធ្វើតាមពាក្យសន្យារបស់ខ្លួនបានដល់កម្រិតណា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។
បើគេចាំមិនភ្លេចទេ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Moon ធ្លាប់បានសន្យាថា លោកនឹងដំណើរការឡើងវិញកិច្ចសន្ទនា ឬកិច្ចចរចា ជាមួយទីក្រុងព្យុងយ៉ាង ក៏ដូចជាដើរតួនាទីយ៉ាងសកម្ម ផ្អែកលើវិធានការការទូត សំដៅបញ្ឈប់មហិច្ឆតាកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីបរបស់កូរ៉េខាងជើង។ លើសពីនេះទៅទៀត ដើម្បីបន្ទន់ចិត្តកូរ៉េខាងជើង លោកផ្ទាល់ថែមទំាងបានបង្ហាញពីគោលជំហរទន់ភ្លន់ ដាក់បងប្អូនខាងជើងថែមទៀតផង ដោយបាន ជំទាស់នឹងគោលនយោបាយដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD និងមានបំណងបើកតំបន់ឧស្សាហកម្មកែសុង ដែលផ្ដល់ការងារដល់ប្រជាជនកូរ៉េខាងជើង រាប់ពាន់នាក់ឡើងវិញទៀតផង។
ទោះយ៉ាងណាក៏ដោយអ្នកជំនាញមួយចំនួនដូចជា លោក Kim Yong-hyun យល់ថា មហិច្ឆិតាផ្សះផ្សារបស់លោក Moon នឹងប្រឈមមុខនឹងឧបសគ្គដ៏លំបាកបំផុត ត្បិតដើម្បីចរចាជាមួយកូរ៉េខាងជើង លុះត្រាតែទីក្រុងព្យុងយ៉ាង បញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងជាមុនសិន។ ម្យ៉ាងវិញទៀតបើកូរ៉េខាងជើង នៅតែមានអាវុធនុយក្លេអ៊ែរ លោក Moon ខ្លួនឯង ក៏នឹងមិនអាចទុកចិត្តទៅអង្គុយចរចាជាមួយ របបដឹកនាំលោក គីម ជុងអ៊ុន បានដែរ ហើយមុខជាត្រូវការសហរដ្ឋអាមេរិក ជាខ្នងបង្អែកដដែល។
គួរបញ្ជាក់ថា លោក Moon Jae in បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ដោយទទួលបានសំឡេងគាំទ្រ ៤១.០៨ភាគរយ តាមពីក្រោយដោយ លោក Hong Joon-pyo ដែលទទួលបានសំឡេងឆ្នោត ២៤.៣ភាគរយ និង លោក Ahn Cheol-soo ២១.៤១ ភាគរយ។ លោកនឹងត្រូវឡើងកាន់តំណែង ភ្លាមនៅថ្ងៃពុធនេះតែម្ដង៕