(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Moon Jae-in បានជ្រើសរើសអភិបាលខេត្តម្នាក់ ធ្វើជានាយករដ្ឋមន្រ្តីនៅក្នុងជួររដ្ឋាភិបាលថ្មីរបស់លោក។ នេះបើតាមការចេញដោយទីភ្នាក់ងារកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧។
យោងតាមប្រភពជាច្រើន លោក Moon Jae-in ដែលបានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងភ្លាមៗ នៅមុនពិធីឡើងស្បថចូលកាន់តំណែងទ្រង់ទ្រាយតូច នារសៀលថ្ងៃពុធនេះទៀតនោះ គ្រោងនឹងប្រកាសអំពីការជ្រើសតាំងអភិបាលខេត្ត Jeolla ខាងត្បូងលោក Lee Nak-yon ជានាយករដ្ឋមន្ត្រីថ្មី នៅក្នុងថ្ងៃដដែលនេះតែម្តង។
គួរបញ្ជាក់ថា លោក Moon Jae-in បានជាប់ឆ្នោតក្លាយជាមេដឹកនាំកំពូលរបស់កូរ៉េខាងត្បូង ដោយទទួលបានសំឡេងគាំទ្រ ៤១.០៨ភាគរយ តាមពីក្រោយដោយ លោក Hong Joon-pyo ដែលទទួលបានសំឡេងឆ្នោត ២៤.៣ភាគរយ និងលោក Ahn Cheol-soo បាន ២១.៤១ភាគរយ៕