(សេអ៊ូល)៖ ក្រោយពីបញ្ចប់ការបោះឆ្នោតនៅកូរ៉េខាងត្បូងនាថ្ងៃអង្គារនេះ, តាមការស្ទង់មតិនៃលទ្ធផលបោះឆ្នោត បង្ហាញថា លោក Moon Jae-in អាចនឹងជាប់ឆ្នោតជាប្រធានាធិបតីថ្មី, នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន BBC នៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧។
អ្វីដែលសំខាន់នោះ គឺថាលោក Moon ជាអ្នកនយោបាយម្នាក់ ដែលអាចនឹងធ្វើឱ្យនយោបាយកូរ៉េខាងត្បូង ចំពោះកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ផ្លាស់ប្ដូរទាំងស្រុង បើសិនជាលោកជាប់ឆ្នោតមែននោះ។ លោកធ្លាប់បានបង្ហាញពីគោលជំហរ ប្រឆាំងនឹងនយោបាយមួយចំនួន របស់លោក ដូណាល់ ត្រាំ ជាពិសេស គឺការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD និងការប្រើបា្រស់កម្លំាងយោធាប្រឆាំងកូរ៉េខាងជើង ជាដើមពោលគឺសម្រាប់លោក ដើម្បីដោះស្រាយជាមួយទីក្រុងព្យុងយ៉ាង ទីក្រុងសេអ៊ូល គួរតែអនុវត្តនយោបាយអព្យាក្រឹតនិងប្រើប្រាស់ វិធីសាស្ត្របញ្ចុះបញ្ចូលឱ្យបងប្អូនខាងជើងមួយនេះ ងាកមករកតុចរចាឡើងវិញ ហើយទំនាក់ទំនងនឹងទីក្រុងវ៉ាស៊ីនតោន មិនបាច់រឹងមាំពេកក៏បានដែរ៕