(សេអ៊ូល)៖ នាវាចម្បាំងនៃកងទ័ពជើងអាមេរិកមួយគ្រឿង បានបុកគ្នាជាមួយកប៉ាល់នេសាទមួយគ្រឿងផ្សេងទៀត របស់ប្រទេសកូរ៉េខាងត្បូងនៅសមុទ្រខាងកើត នាថ្ងៃអង្គារនេះ នៅអំឡុងបំពេញបេសកកម្មហ្វឹកហ្វឺនរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅល្ងាចថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
ប្រភពពីមន្រ្តីយោធាអាមេរិកបានឲ្យដឹងថា «គ្រោះថ្នាក់មួយបានកើតឡើងរវាងនាវាចម្បាំងអាមេរិក USS Lake Champlain និងកប៉ាល់នេសាទកូរ៉េខាងត្បូង 502 Namyang នៅក្នុងដែនទឹកភាគខាងត្បូងកោះ Ulleung នាវេលារសៀលថ្ងៃអង្គារនេះ»។ ក៏ប៉ុន្តែអាជ្ញាធរការពារជាតិរូបនេះបានបន្ថែមថា ពុំមានសេចក្តីរាយការណ៍ស្តីពីអ្នករងគ្រោះ ដោយសារហេតុការណ៍នេះឡើយ។
គួរបញ្ជាក់ថា ជាផ្នែកមួយនៃក្រុមនាវាដឹកយន្តហោះចម្បាំង Carl Vinson នាវាចម្បាំងខាងលើ កំពុងចូលរួមសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹកកូរ៉េខាងត្បូង នៅតំបន់ឧបទ្វីបកូរ៉េ រួមជាមួយនាវាយោធាដទៃៗមួយចំនួនទៀត ដូចជានាវាផ្ទុកយន្តហោះចម្បាំង USS Carl Vinson ផ្ទាល់ ក៏ដូចជានាវាពិឃាត USS Wayne E. Meyer និង USS Michael Murphy៕