(ហ្សាការតា)៖ តុលាការនៃប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃអង្គារនេះ បានសម្រេចសាលក្រមកាត់ទោសអភិបាលក្រុងហ្សាការតា ដែលជាអ្នកកាន់សាសនាគ្រិស្ត ដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ ដោយសារតែបានពោលពាក្យប្រមាថមើលងាយ ដល់ព្រះគម្ពីកូរ៉ាន់ (Koran) របស់សាសនាអ៊ីស្លាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
ប្រធានចៅក្រមនៃតុលាការខាងលើបានឲ្យដឹងថា «លោក Basuki Tjahaja Purnama ហៅ Ahok ត្រូវបានរកឃើញថា ពិតជាមានទោសពីបទឧក្រិដ្ឋប្រមាថមើលងាយមែន ហេតុដូច្នេះហើយយើងបានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររូបលោកចំនួនពីរឆ្នាំ» និងបានចេញដីកាឲ្យធ្វើការចាប់ខ្លួនលោក Purnama ជាបន្ទាន់។ យ៉ាងណាមិញលោក Purnama បានប្រកាសភ្លាមៗថា លោកនឹងប្តឹងជំទាស់សាលក្រម ក៏ដូចជាការទាមទារឲ្យការសេចក្តីនេះឡើងវិញ។
គួរបញ្ជាក់ថា កម្រិតនៃការកាត់ទោសអតិបរមា សម្រាប់សំណុំរឿងប្រមាថមើលងាយវត្ថុសក្តិសិទ្ធ នៅក្នុងប្រទេសដែលមានអ្នកកាន់សាសនាអ៊ីស្លាមរស់នៅ ភាគច្រើននេះគឺរយៈពេល០៥ឆ្នាំ៕