(សេអ៊ូល)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង NEC បានឱ្យដឹងថា អាត្រានៃអ្នកមានសិទ្ធិចូលរួមបោះឆ្នោត ដែលបាន និងកំពុងទៅចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃអង្គារនេះ បានកើនឡើងដល់ទៅអត្រាជាង ៦៣ភាគរយឯណោះ ដែលវាជាអត្រាមួយលើសពីអាណត្តិមុនៗទៅទៀត។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាល្ងាចថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ NEC បានបញ្ជាក់ទៀតថា អត្រាអ្នកចូលរួមបោះឆ្នោត ៦៣.៧ភាគរយនេះ ឬស្មើនឹង ២៧.០៦លាននាក់បានបោះឆ្នោតរួចគិតត្រឹមម៉ោង ៣៖០០នាទីរសៀល (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល) ពោលគឺរយៈពេល ៩ម៉ោងបន្ទាប់ពីការិយាល័យបោះឆ្នោតចំនួន ១៣,៩៦៤កន្លែង បើកទ្វារតាំងតែពីម៉ោង ៦៖០០នាទីព្រឹក ហើយនឹងត្រូវបិទទា្វររាប់សន្លឹកឆ្នោតនៅម៉ោង៨យប់។ បន្ថែមពីលើនេះ ចំនួនអ្នកចូលរួមនៅលើកនេះគឺខ្ពស់ជាង ៤.៤ ភាគរយ បើធៀបទៅនឹងរយៈពេល ដូចគ្នានៃការបោះឆ្នោតកាលពីឆ្នាំ២០១២ ដែលមានអាត្រាអ្នកចូលរួម ៥៩.៣ភាគរយ។
គួរបញ្ជាក់ថា បើតាម NEC ប្រជាពលរដ្ឋកូរ៉េខាងត្បូង ៤២.៤៨លាននាក់មានសិទ្ធិ ឬគ្រប់អាយុបោះឆ្នោត ដែលស្មើនឹង ៨២ភាគរយនៃប្រជាជនសរុបទំាងអស់ ៥១លាននាក់។ សម្រាប់មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋកូរ៉េខាងត្បូងដែលមានសិទ្ធិបោះឆ្នោត បានទៅចូលរួមកើនឡើងបែបនេះ ត្រូវបានគេផ្តោតសំខាន់ទៅលើកត្តាពីរយ៉ាងធំៗ នោះគឺបញ្ហាសន្តិសុខជាតិចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង និងរឿងអាស្រូវពុករលួយរបស់អតីតប្រធានាធិបតី ផាក គឺនហេ ដែលបានបង្កជាបញ្ហារាំងស្ទះយ៉ាងខ្លាំងដល់ការដឹកនាំរបស់រដ្ឋាភិបាលអាណត្តិមុន៕