(ប៉េកាំង)៖ កុមារកូរ៉េខាងត្បូង១០នាក់ និងចិនម្នាក់បានស្លាប់ដ៏គួរឲ្យខ្លោចផ្សាបំផុតនៅថ្ងៃអង្គារនេះ បន្ទាប់ពីរថយន្ដរបស់ពួកគេជិតបានផ្ទុះ និងឆាបឆេះនៅក្នុងផ្លូវរោងក្រោមដីមួយកន្លែងនៅប្រទេសចិន។ នេះបើតាមសម្តីមន្ត្រីស្ថានទូតកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
យោងតាមមន្ត្រីស្ថានទូតកូរ៉េខាងត្បូងដដែល រថយន្ដដឹកសិស្សសាលាខាងលើ បានដឹកក្មេងមត្តេយ្យសរុប ១១នាក់ និងគ្រូបង្រៀនម្នាក់នៅពេលជួបគ្រោះថ្នាក់ នៅក្នុងផ្លូវរូងក្រោមដី Taojiakuang ស្ថិតនៅទីក្រុង Weihai នៃភាគខាងកើតខេត្ត សានទុង (Shandong) នៅម៉ោងប្រមាណ ៩៖០០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់)។
គួរបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់នេះពុំទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ដោយគ្រាន់តែដឹងថា កុមារ១០នាក់ ដែលបានស្លាប់គឺជាកុមារកូរ៉េខាងត្បូង និងម្នាក់ទៀតជាជនជាតិចិន រីឯអ្នកបើករថយន្ដក៏បានស្លាប់ផងដែរ ខណៈគ្រូបង្រៀនម្នាក់រងរបួសធ្ងន់៕