(កាប៊ុល)៖ កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បានបន្តបោសសម្អាតក្រុមសកម្មប្រយុទ្ធនៅក្នុងបណ្តាខេត្តមួយចំនួន និងបានផ្តាច់ជីវិតសមនុស្សចំនួន ៧១នាក់ នៅក្នុងប្រតិបត្តិការយោធាចុងក្រោយបំផុត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខ និងការពារជាតិអាហ្វហ្គានីស្ថាន បានបើកប្រតិបត្តិការបោសសម្អាត នៅតាមបណ្តាខេត្តមួយចំនួននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយលទ្ធផលបានផ្តាច់ជីវិតជនសកម្មប្រយុទ្ធប្រដាប់អាវុធចំនួន ៧១នាក់ ធ្វើឲ្យរបួស ៣៥នាក់ និងចាប់ខ្លួនបាន ០៧នាក់ផ្សេងទៀត។
គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើ ដែលបានធ្វើឡើងនៅក្នុងខេត្តចំនួន ១៧ ក្នុងចំណោមខេត្តទាំង ៣៤ របស់ប្រទេសអាស៊ីខាងត្បូងមួយនេះ កងទ័ពអាហ្វហ្គានីស្ថានក៏បានរកឃើញ និងរឹបអូសយកសព្វាវុធជាច្រើនប្រភេទផងដែរ ដោយមិនបានបញ្ជាក់ច្បាស់ថា តើមានអ្នករងគ្រោះ នៅខាងភាគីកងកម្លាំងសន្តិសុខដែរ ឬយ៉ាងណានោះទេ។ បន្ថែមពីនេះពួកគេថែមទាំងបានដោះគ្រាប់បែកតាមដងផ្លូវ និងគ្រាប់មីនមួយចំនួនទៀតដែរ៕