(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី១៩ ខែឧសភាខាងមុខនេះ នៅក្នុងបរិបទដែលទំនាក់ទំនងរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ចាប់ផ្ដើមតានតឹងឡើងវិញ បន្ទាប់ពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ហើយនេះគឺជាបញ្ហាដែលប្រធានាធិបតីថ្មី ត្រូវដោះស្រាយនៅចំមុខការពង្រីកឥទ្ធិពលអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
រាប់ចាប់តាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧មក វាមានរយៈពេលមួយខែ នៃការប្រកួតប្រជែងរវាងបេក្ខជនប្រធានាធិបតីរហូតដល់ថ្ងៃទី១៨ ខែឧសភា។ បន្ថែមពីលើនេះបេក្ខជន ១,៦៣៦នាក់ បានចុះឈ្មោះជាបេក្ខភាពប្រធានាធិបតី ក៏ប៉ុន្តែគេនឹងជម្រុះយកតែ ០៦នាក់ប៉ុណ្ណោះ ក្នុងនោះរួមមានទំាងអ្នកអភិរក្សនិយម និងអ្នកកណ្ដាលនិយម ដែលនឹងប្រកួតប្រជែងគ្នា ដើម្បីគ្រងតំណែងប្រធានាធិបតីសម្រាប់អាណត្តិ០៤ឆ្នាំ។
គួរបញ្ជាក់ថា នៅថ្ងៃបោះឆ្នោតថ្ងៃទី១៩ ខែឧសភាខាងមុខនេះ ក្រុមអ្នកកណ្ដាលនិយមដឹកនាំដោយប្រធានាធិបតីអ៊ីរ៉ង់បច្ចុប្បន្ន លោក ហាស្សាន រួហានី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងឈ្នះនៅក្នុងការបោះឆ្នោត ហើយបន្តកាន់តំណែងប្រធានាធិបតីមួយអាណត្តិទៀត។ សម្រាប់បញ្ហាដែលប្រទេសអ៊ីរ៉ង់កំពុងប្រឈមមុខខ្លាំងដដែលនោះ គឺការប្រឈមមុខផ្នែកការទូត និងសន្តិសុខជាមួយសហរដ្ឋអាមេរិក ព្រមទាំងការចោទប្រកាន់ថា រដ្ឋអ៊ីស្លាមមួយនេះកំពុងលួចទាក់ទងទិញដូរបច្ចេកវិទ្យាមីស៊ីលខុសច្បាប់ពីប្រទេសកូរ៉េខាងជើងជាដើម៕