(ហាណូយ)៖ ប្រតិបត្តិករនៃរោងចក្រចម្រាញ់ប្រេងឆៅ Dung Quat របស់វៀតណាម បានផ្ញើលិខិតអញ្ជើញទៅកាន់ក្រុមហ៊ុនវិនិយោគទុនទាំងក្នុង និងនៅក្រៅប្រទេស ដោយអំពាវឲ្យពួកគេជួយទិញភាគហ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
យោងតាមក្រុមហ៊ុនប្រេងឥន្ទនៈរដ្ឋ PetroVietnam (PVN) ដែលជាម្ចាស់រោងចក្រចម្រាញ់ប្រេង Dung Quant ភាគហ៊ុនរបស់រោងចក្រចម្រាញ់ប្រេងដ៏ធំជាងគេបំផុត នៅក្នុងប្រទេសវៀតណាមនេះ នឹងត្រូវដាក់លក់ជាសាធារណៈផ្លូវការ នាចុងឆ្នាំ២០១៧នេះហើយ។ PVN បានឲ្យដឹងទៀតថា ការធ្វើបែបនេះ គឺដើម្បីបង្វិលទុនសម្រាប់គម្រោងយុទ្ធសាស្រ្តផ្សេងៗនាពេលអនាគត និងដើម្បីបង្កើនតម្លាភាព ក៏ដូចជាផលប្រយោជន៍ម្ចាស់ភាគហ៊ុន។
គួរបញ្ជាក់ថា រោងចក្រចម្រាញ់ប្រេង Dung Quat ដែលមានតម្លៃបីពាន់លានដុល្លារនេះ បានចាប់ផ្តើមប្រតិបត្តិការដំបូងកាលពីឆ្នាំ២០០៩ ជាមួយលទ្ធភាពនៃការចម្រាញ់ប្រេងឆៅក្នុងមួយឆ្នាំៗ ៦.៥លានតោន ឬស្នើនឹង ១៣០,៥០០បារ៉ែលក្នុងថ្ងៃ៕