(ប៉ារីស)៖ ទំនាក់ទំនងស្នេហារវាងប្រធានាធិបតីទើបជាប់ឆ្នោតរបស់បារាំង លោក Emmanuel Macron និងលោកស្រី Brigitte Trogneux កំពុងទាក់ទាញចំណាប់អារម្មណ៍មនុស្សទូទំាងពិភពលោក បន្ទាប់ពីគេបានដឹងថា ភរិយារបស់លោកមានវ័យចំណាស់ជាងលោករហូតដល់ ២៤ឆ្នាំ។ «បើគ្មាននាង ខ្ញុំប្រហែលមិនមែនជាខ្ញុំក្នុងពេលនេះនោះទេ» នេះជាសំដីរបស់បុរសវ័យ ៣៩ឆ្នាំ ដែលបានប្រកាសក្នុងពេលដែលលោកទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជុំទីមួយ ដែលប្រព្រឹត្តទៅកាលពីខែមេសាកន្លងទៅនេះ។
ទំនាក់ទំនងស្នេហាដ៏គួរចាប់អារម្មណ៍របស់ពួកគេ ចាប់ផ្តើមឡើងនៅពេលដែលយុវជនវ័យ១៥ឆ្នាំ Macron ចូលរៀនដោយមាននាង Trogneux ជាគ្រូបង្រៀនផ្ទាល់តែម្តង។ នាង Trogneux កើតក្នុងគ្រួសារនៃវណ្ណៈគហបតី ជាកូនពៅក្នុងចំណោមបងប្អូនប្រាំមួយនាក់។ មិនខុសពី Macron នាងមានស្រុកកំណើតនៅក្នុងទីក្រុង Amiens ភាគខាងជើងប្រទេសបារាំង។ មុនពេលជួបលោក Macron នាងរស់នៅក្នុងជីវិតបែបសាមញ្ញៗ ដោយមានមុខរបរជាគ្រូបង្រៀនភាសាបារាំង ភាសាឡាតាំង ព្រមទាំងបានរៀបការជាមួយបុគ្គលិកធនាគារម្នាក់គឺលោក Andre Louis Auziere និងមានកូនបីនាក់។ ស្ត្រីដែលមានកូនបីនាក់រូបនេះ បានលែងលះលោក Auziere ដែលជាស្វាមីទីមួយក្នុងឆ្នាំ២០០៦។
មិនច្បាស់ថាតើភាពផ្អែមល្ហែមរវាងអ្នកទាំងពីរកើតឡើងនៅពេលណាពិតប្រាកដនោះទេ ប៉ុន្តែគ្រាន់តែដឹងថា លោក Macron បានសុំស្រឡាញ់នាងក្នុងពេលដែលលោកស្ថិតក្នុងវ័យ ១៧ឆ្នាំ ទាំងដែលនាងមិនទាន់លែងលះនៅឡើយ។ លោកបានលើកឡើងថា «មិនខ្វល់ថានាងធ្វើអ្វី ខ្ញុំនឹងរៀបការជាមួយនាង»។ យ៉ាងនេះក្តីឪពុកម្តាយរបស់ Macron មិនយល់ព្រមចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរឡើយ។ ឪពុករបស់លោកបានស្នើឱ្យលោកស្រី Trogneux ចាកចេញពីកូនប្រុសលោក ដោយរង់ចាំរហូតដល់លោក Macron ឈានដល់វ័យ ១៨ឆ្នាំជាមុនសិន។
សូមជម្រាបថា សូម្បីលោក Philippe Besson ដែលជាមិត្តភិក្តម្នាក់គូស្នេហ៍ទាំងពីរក៏បានទទួលស្គាល់ផងដែរថា ក្នុងពេលនោះគ្មានអ្នកណាម្នាក់ទទួលយកទំនាក់ទំនងរបស់អ្នកទាំងពីរឡើយ។ «អ្នកទាំងពីរមើលទៅមិនសាកសមគ្នាទាល់តែសោះ គ្មានការទទួលស្គាល់ពីគ្រួសារ ហើយត្រូវបានគេសើចចម្អកដោយសារវ័យខុសគ្នាខ្លាំងពេក ជាពិសេសគឺស្ត្រីជាមនុស្សដែលមានវ័យចំណាស់ជាងបែបនេះ»។
បន្ទាប់ពីជម្នះទៅលើឧបសគ្គផ្សេងៗ អ្នកទាំងពីរក៏បានរៀបការជាមួយគ្នាក្នុងឆ្នាំ២០០៧ គឺរយៈពេលមួយឆ្នាំ បន្ទាប់ពីលោកស្រី Trogneux បានលែងលះស្វាមីទីមួយ។ ក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថា "Emmanuel Macron: A perfect young man" បានដកស្រង់សំដីរបស់លោកស្រី Trogneux ថា «គ្មានអ្នកណាម្នាក់ដឹងថា តើអ្វីដែលធ្វើឱ្យទំនាក់ទំនងរបស់យើងក្លាយជាស្នេហាបែបនេះឡើយ នេះជាអាថ៌កំបាំងរបស់យើង»។
ដោយឡែកលោក Macron បានលើកឡើងថា «គ្រួសាររបស់យើងមិនមែនជាគ្រួសារបុរាណនោះឡើយ វាជាការពិត។ ប្រឈមមុខនឹងឧបសគ្គបែបនេះ តើយើងគួរកាត់បន្ថយក្តីស្រឡាញ់ពីគ្រួសាររបស់យើងមែនទេ តែខ្ញុំមិនធ្លាប់គិតបែបនេះឡើយ វាប្រហែលជាខុសពីគ្រួសារសាមញ្ញផ្សេងៗទៀត»។ លោកក៏ធ្លាប់បានលើកឡើងផងដែរថា «ឆ្លងកាត់ផ្លូវដើរអស់រយៈពេលជាយូរឆ្នាំ នាងបានក្លាយជាអ្នកណែនាំ និងជម្រុញទឹកចិត្តខ្ញុំរហូត»។
លោកស្រី Trogneaux បច្ចុប្បន្នស្ថិតក្នុងវ័យ ៦៤ឆ្នាំ ជាម្តាយដែលមានកូន ០៧នាក់ ដែលនឹងក្លាយជាស្ត្រីទីមួយរបស់ប្រទេសបារាំងនៅសប្តាហ៍ក្រោយនេះ។ ផ្ទុយពីសហរដ្ឋអាមេរិក ស្វាមីភរិយារបស់មេដឹកនាំប្រទេសបារាំង មិនសូវបង្ហាញតួនាទីអ្វីសំខាន់ក្នុងកិច្ចការសាធារណៈឡើយ។ ប៉ុន្តែលោក Macron ធ្លាប់បានលើកឡើងថា ប្រសិនបើលោកជាប់ឆ្នោត លោកនឹងផ្តល់តួនាទីណាមួយក្នុងជួររដ្ឋាភិបាល ដល់ភរិយារបស់លោក៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា