(សេអ៊ូល)៖ រំលឹកកាលពីខែមីនាកន្លងទៅ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង ធ្លាប់បានដកស្រង់ការ​ផ្សាយពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង ដែលបានព្យាករណ៍ថា លោក Moon Jae in នឹងវ៉ាដាច់បេក្ខជន​ប្រធានាធិបតីដទៃទៀត ហើយក្លាយជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង ខណៈដែលទីក្រុងព្យុងយ៉ាង​ចាត់ទុកថា លោក Moon ជាអ្នកដែលអាចធ្វើឲ្យទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរ វិលទៅរកភាពប្រសើរ​ឡើងវិញ តាមរយៈការចាប់យក នយោបាយចាស់ៗ ដែលធ្លាប់សម្រេចបានភាពស្ងប់ស្ងាត់កាលពីមុន។

កាលពីថ្ងៃចន្ទ កូរ៉េខាងជើង​បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល តាមរយៈការអំពាវនាវឲ្យ​បិទបញ្ចប់​ការប្រឈមមុខ​ដាក់គ្នា​ រវាងបងប្អូនកូរ៉េទំាងពីរ ខណៈកូរ៉េខាងត្បូង​នឹងរៀបចំការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីថ្មី​នៅថ្ងៃអង្គារស្អែកនេះ ស្របពេលដែលបេក្ខជនកំពុងនាំមុខ លោក Moon Jae-in បានបង្ហាញសញ្ញាវិជ្ជមាន​មកដល់កូរ៉េខាងជើងរួចទៅហើយថា លោកចង់បានទំនាក់ទំនងល្អប្រសើរ​ឡើងវិញរវាងបងប្អូនកូរ៉េទាំងពីរ។

កាសែត​កូរ៉េខាងជើង Rodong Sinmun នៅក្នុងបទវិចារណកថា​របស់ខ្លួន​បានលើកឡើងយ៉ាងដូច្នេះថា «សោកនាដកម្ម​នៃទំនាក់ទំនង​រវាងកូរ៉េខាងជើង និង​កូរ៉េខាងត្បូងបង្កឡើង​ដោយពួកអ្នក​នយោបាយ​អភិរក្សនិយម​កូរ៉េខាងត្បូង អស់រយៈពេល​ជាង ១០ឆ្នាំមកហើយ។ ពួកគេបានបង្កើតការប្រឈមមុខដាក់គ្នា​ជាអតិបរមា ទំាងផ្នែកនយោបាយ​ និងយោធា ហើយពួកគេក៏​បានជាន់​ឈ្លីផងដែរ នូវគំនិតចង់បាន​សន្តិភាព​នៃប្រជាជនរបស់យើង។ ទោះបីជាយ៉ាងណាក៏ដោយ ប្រវត្តិសាស្ត្រ​នៃការប្រឈមមុខ​ដាក់គ្នា​រវាងកូរ៉េទាំងពីរ ដែលត្រូវបានបង្កឡើង​ដោយពួកអ្នកអភិរក្សនិយម គួរតែត្រូវបាន​បញ្ចប់ រីឯសករាជ​ថ្មី​នៃការបង្រួបបង្រួមជាតិ គួរតែត្រូវបង្កើត​ឡើងតាមរយៈកិច្ចសហការ​រវាងជាតិសាសន៍​របស់ពួកយើង ... តែបើពួកអ្នក​អភិរក្សនិយម នៅតែអាច​កាន់អំណាច​សាជាថ្មី នោះវាមាន​តែការបាក់បែក​តែប៉ុណ្ណោះ»

នៅក្នុងចំណោម​បេក្ខជនប្រធានាធិបតី​ទាំង០៥រូប លោក Moon Jae in មកពីគណបក្ស​ប្រជាធិបតេយ្យ ត្រូវបានគេរំពឹងថា​ មានលទ្ធភាពខ្ពស់នឹង​អាចជាប់ឆ្នោត​ជាប្រធានាធិបតី​កូរ៉េខាងត្បូង​ទី១២។ មួយវិញទៀតបើសិនជា​លោក Moon ជាប់ឆ្នោតមែននោះ នយោបាយកូរ៉េខាងត្បូងចំពោះ​កូរ៉េខាងជើង អាចនឹងផ្លាស់ប្ដូរ​ទាំងស្រុងក៏ថា​បាន ត្បិតលោកធ្លាប់បាន​បង្ហាញពីបំណង​ចង់ចរចាជា​មួយកូរ៉េខាងជើង បើកតំបន់​ឧស្សាហកម្ម​កែសុងឡើងវិញ ហើយនៅក្នុង​ករណីចាំបាច់ លោកថែម​ទាំងអះអាងថា មិនបាច់មាន​ទំនាក់ទំនង​រឹងមំាពេក​ជាមួយ​សហរដ្ឋអាមេរិក​ទៀតផង។  ​

គួរបញ្ជាក់ថា កូរ៉េខាងត្បូងនៅថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧នេះបានចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីកូ​ថ្មី ទី១២ ជំនួសលោកស្រី ផាក គឺនហេ ដែលត្រូវបានសភា និងតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង ដោយសារតែរឿង​អាស្រូវ​ពុក​រលួយ​កាលពីខែមីនា។

ជាមួយគ្នានោះដែរ បើតាមការស្ទង់មតិ​ជាច្រើន នៅក្នុងចំណោមបេក្ខជនប្រធានាធិបតីទំាង៥រូប មានដូចជា លោក Moon Jae-in, លោក​ Hong Joon-pyo, លោក Ahn Cheol-soo លោក Yoo Seong-min និងលោកស្រី Sim Sang-jeung គេ​សង្កេត​ឃើញថា លោក Moon Jae in មកពី គណបក្សប្រជាធិបតេយ្យ គឺមានលទ្ធភាពខ្ពស់ជាងគេថា នឹងអាច​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី។ ក៏ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ​ទៅទៀតនោះ គឺថាលោក Moon ជាអ្នកនយោបាយ​ម្នាក់ ដែលអាចនឹងធ្វើឱ្យ​នយោបាយ​​កូរ៉េ​ខាង​ត្បូង ចំពោះកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ផ្លាស់ប្ដូរទាំងស្រុង បើសិនជាលោកជាប់​ឆ្នោត​មែន​នោះ៕