(ម៉ូស្គូ)៖ ព្យុហយាត្រាយោធា ដើម្បីគោរពក៏ដូចជារំលឹកដល់គម្រប់ខួប ៧២ឆ្នាំ នៃជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ក្រោយការបញ្ចប់សង្គ្រាមលោកលើកទីពីរ ដែលមានការចូលរួមពីកងទ័ពចំនួន ១០,០០១នាក់ និងគ្រឿងសព្វាវុធចំនួន១១៤ គ្រឿងរួមទាំងយន្តហោះ និងឧទ្ធម្ភាគចក្រ៧២គ្រឿងទៀតនោះ នឹងប្រារព្ធឡើងនៅតំបន់ Red Square នៃទីក្រុងម៉ូស្គូ នាវេលាម៉ោងប្រមាណ ២៖០០នាទីរសៀលថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
ព្រឹត្តិការណ៍ខាងលើនេះរួមមានផ្នែកសំខាន់ៗចំនួនបីគឺ ការដង្ហែរក្បួននៃកងថ្មើរជើង, ការដង្ហែរក្បួនរថពាសដែក, និងការហោះហើរបង្ហាញរាងដោយឧទ្ធម្ភាគចក្រ ក៏ដូចជាយន្តហោះយោធា។
អ្វីដែលពិសេសសម្រាប់ផ្នែកគ្រឿងយន្តនៃព្យុហយាត្រានេះ គឺការចូលរួមពីប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចម្បាំងកម្រិតខ្លី Tor-M2DT ដែលទើបនឹងត្រូវបានអភិវឌ្ឍន៍ថ្មី និងប្រព័ន្ធមីស៊ីលការពារដែនអាកាស Pantsir-SA ដែលសព្វាវុធទាំងពីរប្រភេទនេះ ត្រូវបានរចនាឡើងដើម្បីធ្វើប្រតិបត្តិការនៅតំបន់ទឹកកកអាកទិក ហើយ Tor-M2DT និង Pantsir-SA អាចត្រូវបានកត់សម្គាល់ឃើញយ៉ាងច្បាស់ខុសប្លែកពីគេ ដោយសារតួខ្លួនពណ៌ប្រផេះរបស់គ្រឿងយន្តទាំងនេះ។ ក្រៅពីនេះ រថក្រោះ T-72B3M ជំនាន់ថ្មី ក៏នឹងចូលរួមជាលើកដំបូងផងដែរ។
គួរបញ្ជាក់ថា ពិធីអបអរនាថ្ងៃនេះនឹងបិទបញ្ចប់ទៅវិញ ជាមួយការបាញ់កាំជ្រួចនៅលើតំបន់ Red Square នៅម៉ោង១០៖០០នាទីយប់ (ម៉ោងក្នុងទីក្រុងម៉ូស្គូ)។ ម៉្យាងវិញទៀតនៅតាមបណ្តាទីក្រុងជាច្រើនទៀត នៃប្រទេសរុស្ស៊ីក៏បានការដង្ហែរក្បួនព្យុហយាត្រារៀងៗខ្លួនផងដែរ ដើម្បីអបអរទិវាជ័យជម្នះនេះ៕