(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យប្រជាជនកូរ៉េខាងត្បូង កុំបោះឆ្នោតឱ្យក្រុមអ្នកនយោបាយអភិរក្សនិយម កាន់អំណាចសាជាថ្មីនៅកូរ៉េខាងត្បូង។ ការអំពាវនាវនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បង្ហាញទំនោរដោយប្រយោល ចង់បន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងត្បូង នៅក្នុងករណីប្រធានាធិបតីកូរ៉េខាងត្បូងថ្មី មិនមែនជាអ្នកអភិរក្សនិយមដូចលោកស្រី ផាក គឺនហេ ដែលរបបដឹកនាំលោក គីម ជុងអ៊ុន ចាត់ទុកថាជាមេបញ្ហានៃភាពតានតឹងបច្ចុប្បន្ន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinum នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួនបានបញ្ជាក់ថា ការរាំងខ្ទប់មិនឱ្យក្រុមអ្នកនយោបាយអភិរក្សនិយម កាន់អំណាចជាថ្មីនៅកូរ៉េខាងត្បូង នឹងក្លាយជាផ្លូវឆ្ពោះទៅរកនយោបាយថ្មី និងជិវិតថ្មីសម្រាប់ប្រជាជនកូរ៉េខាងត្បូង។ កាសែតនេះបន្ថែមថា ប្រជាជនកូរ៉េខាងត្បូង គួរតែកុំបោះឆោ្នតឱ្យពួកអាយ៉ងនៃពួកអភិរក្សនិយម ដែលរួមគំនិតជាមួយលោកស្រី ផាក តាមរយៈការបោះឆ្នោតនៅថ្ងៃនេះ ឱ្យដូចគ្នាទៅនឹងការដាក់ទោសទណ្ឌលើលោកស្រី ផាក ផងដែរ។
គួរបញ្ជាក់ថា បើតាមការអាត្ថាធិប្បាយរបស់ Rodong Sinum នារយៈពេលចុងក្រោយនេះ ក្រុមអ្នកជំនាញមួយចំនួនបានសន្និដ្ឋានថា កូរ៉េខាងជើងចង់ឱ្យលោក Moon Jae in ក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង បន្ទាប់ពីលោកបានបង្ហាញពីទំនោរចង់បន្ធូរបន្ថយភាពតានតឹង ជាមួយទីក្រុងព្យុងយ៉ាង តាមរយៈការប្រឆាំងនឹងការដាក់ពង្រាយ THAAD និងគោលយោបាយខ្លះរបស់លោក ដូណាល់ ត្រាំ ជាដើម។ ក៏ប៉ុន្តែមិនថា លោក Moon ឬអ្នកនរណាផ្សេងទេ ឱ្យតែកា្លយជាប្រធានាធិបតីកូរ៉េខាងត្បូង គឺនៅតែត្រូវការសហរដ្ឋអាមេរិកជាខ្នងបង្អែក ខណៈកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ៕