(វ៉ាស៊ីនតោន)៖ សេចក្តីព្រាងស្តីពីការចំណាយប្រចាំឆ្នាំ២០១៧នេះ ដែលបានអូសបន្លាយអស់រយៈពេលយ៉ាងយូរ បានលេចចេញមកហើយនៅដើមខែឧសភានេះ ដោយអង្គការ NASA នឹងទទួលបានថវិកាចំនួន ១៩.៦៥ពាន់លានដុល្លារ ពោលគឺទទួលបាន ៦២៨លានដុល្លារលើសការទាមទារពីខាងដើម សម្រាប់ NASA ដែលធ្វើឡើងដោយអតីតរដ្ឋាបាលអាមេរិកទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញសារព័ត៌មានវិទ្យាសាស្រ្ត Space News នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
សេចក្តីព្រាងការចំណាយខាងលើនេះ បានបង្កើនថវិកាក្នុងចំនួនគួរឲ្យកត់សម្គាល់សម្រាប់កម្មវិធីរុករកទីអវកាស និងកម្មវិធីផ្នែកខាងវិទ្យាសាស្រ្តភព ហើយម៉្យាងវិញទៀតវាក៏ផ្តល់ការឧបត្ថម្ភផងដែរ ដល់បណ្តាកម្មវីធីមួយចំនួនផ្សេងទៀត ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ព្យាយាមលុបចោល ឬមួយក៏ធ្វើកំណែទម្រង់ នៅក្នុងសំណើកញ្ចប់ថវិកាប្រចាំឆ្នាំ២០១៨របស់ខ្លួន។
កម្មវិធីដែលទទួលការផលចំណេញច្រើនជាងគេបំផុត នៅក្នុងសេចក្តីព្រាងការចំណាយនេះ គឺកម្មវិធីរុករកទីអវកាសរបស់អង្គការ NASA ដែលទទួលបាន ៤.៣២ពាន់លានដុល្លារស្ទើរតែមួយពាន់លានដុល្លារច្រើនជាងសំណើទាមទារ ដើម ហើយថវិកាសរុបនេះរួមបញ្ចូលទាំងការចំណាយចំនួន ២.១៥ពាន់លានដុល្លារ ទៅលើគម្រោងនៃការផលិតគ្រាប់រ៉ុក្កែត និង១.៣៥ពាន់លានដុល្លារសម្រាប់គម្រោងយានអវកាស Orion។
បន្ថែមពីនេះទីភ្នាក់ងារអវកាសអាមេរិក ក៏អាចយកថវិកាសម្រាប់កម្មវិធីរុករកទីអវកាស ដែលនៅសេសសល់ ទៅធ្វើការឧបត្ថម្ភដល់បច្ចេកវិទ្យាផ្សេងៗ ដូចជាប្រព័ន្ធចាប់យក និងបំផ្លាញអាចម៍ផ្កាយ សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មបង្វែរទិសដៅអាចម៍ផ្កាយ ហៅកាត់ថា ARM ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ មានផែនការលុបបំបាត់ចោលក្នុងឆ្នាំ២០១៨ផងដែរ។
ចំណែកឯកម្មវិធីវិទ្យាសាស្រ្តវិញ នឹងទទួលបានថវិកា ៥.៧៦ពាន់លានដុល្លារ ដោយផ្នែកវិទ្យាសាស្រ្តទទួលបានជិត ១.៨៥លានដុល្លារ រាប់បញ្ចូលទាំង ៤០៨លានដុល្លារសម្រាប់បេសកកម្ម Mars Rover ឆ្នាំ២០២០។ មួយវិញទៀតថវិកាឧបត្ថម្ភវិទ្យាសាស្រ្តភពនេះ ក៏បូករួមទាំង ២៧៥លានដុល្លារសម្រាប់បេសកកម្មនៅព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍ (Jupiter) ដែលរួមផ្សំដោយយានហោះអង្កេតការណ៍ Europa Clipper និងយានសម្រាប់ចុះចតមួយផ្សេងទៀត។
គួរបញ្ជាក់ថា យ៉ាងណាមិញថវិកាឧបត្ថម្ភសម្រាប់កម្មវិធីមួយចំនួនផ្សេងទៀត បានថយចុះក្រោមចំនួននៃការទាមទារកាលពីខាងដើម រួមមានដូចជា កម្មវិធីផ្នែកវិទ្យាសាស្រ្តផែនដី (១.៩២ពាន់លានដុល្លារ) កម្មវីធីបច្ចេកវិទ្យាអវកាស (៦៨៦.៥លានដុល្លារ) កម្មវិធីប្រតិបត្តិការក្នុងលំហអាកាស (៤.៩៥ពាន់លានដុល្លារ) ដែលរួមបញ្ចូលនូវស្ថានីយ៍អវកាសអន្តរជាតិ និងគម្រោងពាក់ព័ន្ធដទៃៗទៀត៕