(អ៊ីស្រាអែល)៖ ក្មេងស្រីជនជាតិប៉ាឡេស្ទីនម្នាក់អាយុត្រឹមតែ ១៦ឆ្នាំប៉ុណ្ណោះ ត្រូវបានកងកម្លាំងប៉ូលិសអ៊ីស្រាអែលបាញ់សម្លាប់ ដោយចោទប្រកាន់ថា រូបនាង បានព្យាយាមវាយប្រហារដោយកាំបិតទៅលើសមត្ថកិច្ចនៅតំបន់ Damascus Gate នៅក្នុងទីក្រុងហ្សេរុយសាឡឹម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
អ្នកនាំពាក្យប៉ូលិសអ៊ីស្រាអែល លោក Micky Rosenfeld បានថ្លែងថា «នារីជាភេរវករនេះបានដើរសំដៅទៅរកមន្រ្តីប៉ូលិសព្រំដែន ដែលកំពុងយាមល្បាតនៅតំបន់ព្រំដែន Damascus Gate និងបានលើកកាំបិតគ្រវីឡើង ព្រមទាំងស្រែកថា Allahu Akhbar ស្របពេលដែលព្យាយាមវាយប្រហារលើកម្លាំងសមត្ថកិច្ច ហើយភេរវកររូបនេះត្រូវបានបាញ់ និងបណ្តាលឲ្យរងរបួសជាទម្ងន់។ ភ្លាមៗក្រោយមកតំបន់កើតហេតុក៏ត្រូវបានបិទមិនឲ្យចេញចូល ហើយសន្តិសុខត្រូវបានរឹតបន្តឹងស្របពេលដែលយើងធ្វើការកំណត់អត្តសញ្ញាណ របស់ភេរវកររូបនោះ និងប្រភពថា តើរូបនាងមកពីកន្លែងណា»។
យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនយុវតីម្នាក់នោះ មានឈ្មោះថា Fatima Abed el-Rahman Hajiji មកពីភូមិ Qarawat Bani Zeid ភាគខាងជើងទីក្រុង Ramallah នៃប្រទេសប៉ាឡេស្ទីន៕