(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ធ្លាប់បានផ្ដល់យោបល់ដល់លោក ដូណាល់ ត្រាំ កុំឱ្យតែងតាំងលោក Michael Flynn ជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក មុននឹងត្រូវបង្ខំចិត្តលាលែងពីតំណែងនេះនៅពីរសប្ដាហ៍បន្ទាប់។ នេះបើតាមអតីតមន្ត្រីនៃរដ្ឋបាលលោក អូបាម៉ា ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
មន្ត្រីរូបនេះដដែលថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅក្នុងជំនួបលើកដំបូងជាមួយ លោក ដូណាល់ ត្រាំ នៅសេតវិមាន ប៉ុន្មានម៉ោងក្រោយការបោះឆ្នោត លោក បារ៉ាក់ អូបាម៉ា បានព្រមានលោក ត្រាំ កុំឱ្យតែងតាំងលោក Flynn ជាទីប្រឹក្សាសន្តិសុខជាតិ ក្រោមហេតុផលនៃអាកប្បកិរិយារបស់លោក។ លោក Flynn ត្រូវបានលោក អូបាម៉ា តែងតាំងជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអាមេរិក (DIA) កាលពីឆ្នាំ ២០១២ ក៏ប៉ុន្តែពីរឆ្នាំក្រោយមក លោក អូបាម៉ា បានជំរុញឱ្យលោក Flynn លាលែងពីតំណែង ដោយសារតែអាក្បកិរិយាប្រឆាំងនឹងរដ្ឋបាលរបស់លោក និងការចេះតែបង្កឱ្យមានពាក្យចរចាអារាមផ្ទៃក្នុង។
ដោយឡែកជុំវិញបញ្ហានេះដែរ អតីតអគ្គរដ្ឋអាជ្ញាអាមេរិក លោកស្រី Sally Yates និងអតីតទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក លោក James Clapper កាលពីថ្ងៃចន្ទ ក៏បានផ្ដល់សក្ខីកម្មនៅចំពោះមុខអនុគណៈកម្មាធិការយុត្តិធម៌ ព្រឹទ្ធសភាអាមេរិក ពាក់ព័ន្ធនឹងទំនាក់ទំនងរវាង លោក Flynn ជាមួយអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតលើការលូកដៃរបស់រុស្ស៊ី ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ ក៏ប៉ុន្តែ លោកស្រី Yates និងលោក James Clapper មិនបានបញ្ជាក់អ្វីច្រើននោះទេ តែលោកស្រី Yates បាននិយាយថា លោកស្រីធ្លាប់បានព្រមានសេតវិមានកាលពី ខែមករាថា លោក Flynn ជាមនុស្សងាយរងគ្រោះដោយការគំរាមកំហែងពីរុស្ស៊ី។
គួរបញ្ជាក់ថា លោកស្រី Sally Yates ត្រូវបានលោក ដូណាល់ ត្រាំ បណ្ដេញចេញពីតំណែងភ្លាមៗកាលពីថ្ងៃទី០៣ ខែមករា បន្ទាប់ពី ហ៊ានចេញមុខ រិះគន់លើគោលនយោបាយអន្តោប្រវេសន៍ ដែលហាមប្រជាជនមូស្លីម នៃប្រទេសចំនួន០៦ ចូលក្នុងទឹកដីអាមេរិក។ ចំណែកឯ លោក Michael Flynn បាន លាលែងពីតំណែងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រោយលេចលឺរឿងអាស្រូវមានទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ៕