(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ទី១២ ជំនួសលោកស្រី ផាក គឺនហេ ដែលត្រូវបានសភា និងតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង ដោយសារតែរឿង​អាស្រូវ​ពុក​រលួយ កាលពីខែមីនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាមការស្ទង់មតិជាច្រើន នៅក្នុងចំណោមបេក្ខជនប្រធានាធិបតីទំាង៥រូប មានដូចជា លោក Moon Jae-in, លោក​ Hong Joon-pyo, លោក Ahn Cheol-soo លោក Yoo Seong-min និងលោកស្រី Sim Sang-jeung គេ​សង្កេត​ឃើញថា លោក Moon Jae in មកពី គណបក្សប្រជាធិបតេយ្យ គឺមានលទ្ធភាពខ្ពស់ជាងគេថានឹងអាច​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី។ ក៏ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺថាលោក Moon ជាអ្នកនយោបាយម្នាក់ ដែលអាចនឹងធ្វើឱ្យ​នយោបាយ​កូរ៉េ​ខាង​ត្បូង ចំពោះកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ផ្លាស់ប្ដូរទាំងស្រុង បើសិនជាលោកជាប់​ឆ្នោត​មែន​នោះ។

ជាក់ស្ដែង លោកធ្លាប់បានបង្ហាញពីគោលជំហរ ប្រឆាំងនឹងនយោបាយមួយចំនួន របស់លោក ដូណាល់ ត្រាំ ជាពិសេស គឺការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD​ និងការប្រើបា្រស់កម្លំាងយោធាប្រឆាំងកូរ៉េខាងជើង ជាដើមពោល​គឺ​សម្រាប់លោក ដើម្បីដោះ ស្រាយជាមួយទីក្រុងព្យុងយ៉ាង ទីក្រុងសេអ៊ូល គួរតែអនុវត្តនយោបាយអព្យាក្រឹតនិងប្រើប្រាស់​វិធី​សាស្ត្រ​បញ្ចុះ​បញ្ចូល​ឱ្យបងប្អូនខាងជើងមួយនេះ ងាកមករកតុចរចាឡើងវិញ ហើយបើចាំបាច់ទំនាក់ទំនងរឹងមំាពេកនឹង​ទី​ក្រុង​វ៉ាស៊ីន​តោន មិនបាច់មានក៏បានដែរ។

តែទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញមួយចំនួន នៅតែយល់ថា វាគ្រាន់ការទាក់ទាញប្រជាប្រិយភាពរបស់លោក Moon ប៉ុណ្ណោះ ខណៈប្រជាជនកូរ៉េខាងត្បូង កំពុងព្រួយបារម្ភខ្លាចក្រែងសង្រ្គាមកូរ៉េផ្ទុះឡើងសាជាថ្មី។ មួយវិញទៀតផ្អែក​លើ​​អាកប្បកិរិយា របស់កូរ៉េខាងជើងបច្ចុប្បន្ន លោក Moon ​ក៏ទំនងជាដឹងក្នុងចិត្តយ៉ាងច្បាស់ដែរថា ការចរចាជាមួយរបបដឹកនាំ លោក គីម ជុងអ៊ុន ពិបាកនឹងធ្វើទៅបានណាស់ ហើយដរាបណា ទីក្រុងព្យុងយ៉ាង នៅតែមានអាវុធនុយក្លេអ៊ែរកូរ៉េ​ខាង​ត្បូង នៅតែត្រូវការសហរដ្ឋអាមេរិកជាដាច់ខាត៕