(ប៉ារីស)៖ រំលឹកដល់កាលពីមួយឆ្នាំមុន លោក Macron ត្រឹមតែជាសមាជិករដ្ឋាភិបាល ក្រោមការដឹកនាំរបស់ Hollande អតីតប្រធានាធិបតីដែល បាត់បង់ប្រជាប្រិយភាពម្នាក់ ក្នុងប្រវត្តិសាស្ត្រប្រទេសបារាំង។ តែបច្ចុប្បន្នបុរសដែលស្ថិតក្នុងវ័យ៣៩ឆ្នាំរូបនេះ បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីបារាំង ដោយបានយកឈ្នះលើគូប្រជែងផ្សេងទៀត ដោយសារហេតុផលប្រាំយ៉ាង ដូចខាងក្រោម៖
១៖ សំណាង
លោក Macron អាចនឹងជាប់ឆ្នោត ដោយសារសំណាង និងភាពចៃដន្យរបស់លោក។ ខណៈដែលការបោះឆ្នោតត្រូវរៀបចំឡើង រឿងអាស្រូវជាបន្តបន្ទាប់ បានកើតឡើងចំពោះបេក្ខជន ដែលឈានមុខគេម្នាក់ គឺលោក Francois Fillon និងបេក្ខជនសង្គមនិយម, លោក Benoit Hamon ធ្វើឱ្យអ្នកទាំងពីរត្រូវ ប្រឈមមុខនឹងភាពបរាជ័យ ព្រោះប្រជាពលរដ្ឋត្រូវសម្លឹងមើលបេក្ខជនផ្សេងទៀតដើម្បីផ្តល់ការគាំទ្រជំនួសវិញ។
លោកពិតជាសំណាងជាខ្លាំង ដោយត្រូវប្រឈមមុខនឹងស្ថានភាព ដែលមនុស្សមិនធ្លាប់រំពឹងទុកទាល់តែសោះ នេះជាការលើកឡើងរបស់លោក Marc-Olivier Padis អ្នកវិភាគម្នាក់ដែលមានមូលដ្ឋានប្រចាំទីក្រុង ប៉ារីស។
២៖ លោកជាមនុស្សវ័យឆ្លាត
ពាក្យថា «សំណាង» មិនអាចគ្រប់គ្រាន់សម្រាប់លោក ក្នុងការក្លាយជាប្រធានាធិបតីបារាំងនោះឡើយ។ លោក Macron ជាមនុស្សវ័យឆ្លាតដែលអាច វាយតម្លៃ និងដឹងមុននូវឱកាសដែលអ្នកផ្សេងទៀតមិនអាចដឹងបាន។ លោកបានសម្លឹងមើលចលនានយោបាយ ដែលកំពុងលូតលាស់ឡើងក្នុង តំបន់ផ្សេងទៀតនៅទ្វីបអឺរ៉ុប ដូចជាចលនា Podemos នៅអេស្ប៉ាញ ឬចលនាផ្កាយប្រាំរបស់អ៊ីតាលី ព្រមទាំងអាចមើលឃើញពីភាពមិនស្មើគ្នា ក្នុងល្បែងនយោបាយក្នុងប្រទេសបារាំងផងដែរ។ នេះជាទុនមួយសម្រាប់ប្រើប្រាស់ក្នុងការយកឈ្នះគូប្រជែងរបស់ខ្លួន។
៣៖ ចេះសាកល្បងអ្វីដែលថ្មី មិនធ្លាប់មានក្នុងប្រទេសបារាំង
នៅពេលបង្កើតចលនា En Marche លោកបានចាប់អារម្មណ៍ជាខ្លាំង ទៅលើយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០០៨ របស់លោក អូបាម៉ា ហើយបាន ទាញយកយុទ្ធសាស្ត្រខ្លះៗ មកប្រើប្រាស់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។ លោកបានប្រើប្រាស់ប្រព័ន្ធមួយ ដែលត្រូវបានផលិតឡើង ដោយក្រុមហ៊ុននយោបាយមួយ ដែលធ្លាប់ស្ម័គ្រចិត្តរៀបចំសម្រាប់កម្មវិធីឃោសនាបោះឆ្នោតសម្រាប់លោក អូបាម៉ា ក្នុងឆ្នាំ២០០៨ ដើម្បីកំណត់ អត្តសញ្ញាណតំបន់ និងប្រជាពលរដ្ឋ ដែលមានដំណាងដោយជនជាតិបារាំងច្រើនជាងគេ។ ពួកគេបានបញ្ជូនមនុស្សទៅគោះទ្វារលំនៅដ្ឋានដើម្បី រហូតដល់ទៅ៣០០ពាន់ខ្នងដើម្បីជួបប្រជាពលរដ្ឋផ្ទាល់ៗ។
ពួកគេបានធ្វើបទសម្ភាសន៍ទៅលើមនុស្ស២៥,០០០នាក់ ដោយចំណាយពេលក្នុងម្នាក់ប្រមាណ១៥នាទី។ រាល់ព័ត៌មានដែលទទួលត្រូវបានដាក់បញ្ជូល និងចងក្រងជារបាយការណ៍ ដែលនេះជាការជម្រុញឱ្យយុទ្ធនាការឃោសនារបស់លោកកាន់តែមានប្រសិទ្ធភាព។
៤៖ ផ្តល់សារវិជ្ជមានដល់អ្នកគាំទ្រ
ការពិតទៅដំបូងឡើយបុគ្គលិកលក្ខណៈរបស់លោក ហ៊ុំព័ទ្ធដោយឧបសគ្គផ្សេងៗ ដែលអូសទាញលោកមិនឱ្យក្លាយជាប្រធានាធិបតី។ លោកត្រឹមតែជា មនុស្សថ្មីម្នាក់ដែលបំពេញការងារក្នុងអាណត្តិរបស់លោក Hollande អតីតជារដ្ឋមន្ត្រីសេដ្ឋកិច្ច ជាអ្នកវិនិយោគទុនផ្នែកធនាគារជាអ្នកចូលរួមក្នុងចលនា មួយចំនួនជាដើម ដែលអាចចាត់ទុកថា វាចំណុចខ្សោយរបស់លោក និងជាអាវុធយុទ្ធភណ្ឌដ៏សំខាន់សម្រាប់គូសត្រូវរបស់លោកប្រើប្រាស់។
ប៉ុន្តែលោកចង់បញ្ជាក់ប្រាប់អ្នកដទៃថា លោកជា Francois Holland មួយរូបទៀត ដែលអាចបង្កើតអារម្មណ៍រំភើបសម្រាប់មនុស្សដែលអស់សង្ឃឹម អាចទទួលយកអ្វីដែលថ្មី។ «លោកជាមនុស្សសុទិដ្ឋិនិយម ជាមនុស្សវ័យក្មេង ពេញដោយថាមពល លោកមិនត្រូវការពន្យល់ពីអ្វីដែលលោកនឹងធ្វើនោះទេ ប៉ុន្តែលោកនឹងប្រាប់ពីអ្វីដែលប្រជាពលរដ្ឋបារាំងនឹងទទួលបានពីលោក ក្នុងនាមជាប្រធានាធិបតីម្នាក់» ហើយមានតែលោកម្នាក់គត់ ដែលអាចផ្តល់សារដ៏ វិជ្ចមានបែបនេះសម្រាប់អ្នកគាំទ្រ។
៥៖ ប្រឆាំងនយោបាយលោកស្រី Le Pen
ក្នុងយុទ្ធនាការឃោសនារបស់លោកស្រី Le Pen ហាក់បង្ហាញតែពីភាពអវិជ្ចមាន ដូចជាការប្រឆាំងជនអន្តោប្រវេសន៍ ប្រឆាំងសហភាពអឺរ៉ុប ប្រឆាំងប្រព័ន្ធផ្សេងៗជាដើម។ លោកស្រីជាមនុស្សដំណាងឱ្យភាពភ័យខ្លាច ជាមនុស្សជ្រុលនិយម មិនខុសពីឪពុករបស់លោកស្រី ដែលធ្លាប់ជាអាយ៉ង នៃរបបសង្គមនិយម ជាឧបករណ៍ដ៏គ្រោះថ្នាក់ ដែលអាចធ្វើអ្វីគ្រប់យ៉ាងតាមសំណើររបស់លោកស្រីអធិការបតី Angela Merkel មេដឹកនាំប្រទេស អាឡឺម៉ង់។ ដោយសារគោលនយោបាយផ្ទុយគ្នាបែបនេះ ធ្វើឱ្យបេក្ខជនស្ត្រីរូបនេះត្រូវចាញ់ឆ្នោត ខណៈដែលប្រជាប្រិយភាពរបស់លោក Macron បានកើនឡើងជាលំដាប់ក្នុងរយៈពេលត្រឹមពីរសប្តាហ៍នេះទៅវិញ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា