(បរទេស)៖ ជនភៀសខ្លួនយ៉ាងហោចណាស់៨០នាក់ រួមមានទាំងស្រ្តីនិងកុមារ បានបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងបានលិចចូលទៅក្នុងផ្ទៃសមុទ្រ ក្បែរឆ្នេរនៃប្រទេសលីប៊ី។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។
ដំណឹងខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកដែលមានបុណ្យកុសលខ្ពស់ បានរួចនៅរស់ផុតពីចង្កូមមជ្ជុរាជ នៅក្នុងសោកនាដកម្មដ៏គួរឲ្យរន្ធត់ថ្មី ចុងក្រោយមួយទៀតពាក់ព័ន្ធនឹងបញ្ហាជនភៀសខ្លួន ប្រាប់ទៅកាន់ទីភ្នាក់ងារការពារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា មនុស្សសរុបចំនួន១៣២នាក់ បានឡើងជិះធ្វើដំណើរនៅលើទូកខ្យល់មួយគ្រឿង កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ក៏ប៉ុន្តែវាក៏បានចាប់ផ្តើមលិចចូលទៅក្នុងផ្ទៃទឹកបន្តិចម្តងៗ នៅប៉ុន្មានម៉ោងក្រោយមក ហើយមានអ្នកនៅរស់រានមានជីវិតប្រមាណតែ៥០នាក់ប៉ុណ្ណោះ ត្រូវបានជួយសង្រ្គោះដោយកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង ដែលបានដឹកពួកគេទាំងនោះមកទម្លាក់នៅតំបន់ Sicily ភាគខាងត្បូងប្រទេសអ៊ីតាលីនាថ្ងៃអាទិត្យម្សិលមិញ៕