(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្រោងនឹងបង្កើនឥទ្ធិពលរបស់ខ្លួននៅទ្វីបអាស៊ី តាមរយៈការបន្ថែមការចំណាយជិត៨ពាន់លានដុល្លារ ទៅលើការធ្វើទំនើបកម្មប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយោធា, ការបង្កើតសមយុទ្ធយោធាច្រើនជាងមុន, និងការបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់។ ព្រមពេលជាមួយគ្នា ការបោះជំហាននេះ ត្រូវបានធ្វើឡើងចំពេលដែលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងរបបដឹកនាំទីក្រុងព្យុងយ៉ាង កំពុងបន្តមានភាពតានខ្លាំង។ នេះបើតាមការសេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិក Wall Street Journal ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។
តំបន់អាស៊ីបាននិងកំពុងលេចធ្លោខ្លាំង នៅលើឆាកអន្តរជាតិអស់ពេលច្រើនសប្តាហ៍កន្លងមកនេះ ដោយសារតែភាពតានយ៉ាងក្តៅគគុគរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង ចាប់តាំងពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាន់គោលជំហរតឹងរ៉ឹងជាងមុនដាក់ទីក្រុងព្យុងយ៉ាង នៅក្រោយពេលដែលរដ្ឋកុម្មុនិស្តដ៏ចចេសរឹងរូសមួយនេះ បានបង្កើនកិច្ចខិតខំប្រឹងប្រែងយោធារបស់ខ្លួន និងបានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ និងច្រើនសាបន្តបន្ទាប់គ្នា ហើយថែមទាំងបានប្តេជ្ញាថានឹងធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទី០៦ទៀតផង។
ម៉្យាងវិញទៀត ដោយសារតែការប្រើប្រាស់ពាក្យសម្តីធ្ងន់ៗនិងម៉ឹងម៉ាត់របស់ទីក្រុងវ៉ាស៊ីនតោន បូករួមទាំងការវាយប្រហារដោយគ្រាប់មីស៊ីលយ៉ាងចាស់ដៃទៅលើមូលដ្ឋានទ័ពស៊ីរី ក៏ដូចជាវត្តមានក្រុមនាវាដឹកយន្តហោះចម្បាំង USS Carl Vinson និងនាវាមុជទឺកដើរដោយថាមពលនុយក្លេអ៊ែរ USS Michigan នៅដែនទឹកក្បែរឧបទ្វីបកូរ៉េទៀតនោះ មានមតិជាច្រើនព្រួយបារម្ភថាការប្រើកម្លាំងយោធាប្រឆាំងកូរ៉េខាងជើង អាចនឹងកើតមានឡើងប្រាកដមែន។ យ៉ាងណាមិញអ្នកជំនាញមួយចំនួនផ្សេងទៀត បានលើកឡើងថា វានឹងពុំមានការប្រយុទ្ធគ្នាក្នុងកម្រិតធ្ងន់ធ្ងរណាមួយរវាងប្រទេសទាំងពីរនេះឡើយ៕