(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃអង្គារស្អែកនេះ នឹងរៀបចំការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ទី១២ ជំនួសលោកស្រី ផាក គឺនហេ ដែលត្រូវបានសភា និងតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង ដោយសារតែរឿងអាស្រូវពុករលួយ កាលពីខែមីនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់នៅយប់ថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមការស្ទង់មតិជាច្រើន នៅក្នុងចំណោមបេក្ខជនប្រធានាធិបតីទំាង៥រូប មានដូចជា លោក Moon Jae-in, លោក Hong Joon-pyo, លោក Ahn Cheol-soo លោក Yoo Seong-min និងលោកស្រី Sim Sang-jeung គេសង្កេតឃើញថា លោក Moon Jae in មកពី គណបក្សប្រជាធិបតេយ្យ គឺមានលទ្ធភាពខ្ពស់ជាងគេថានឹងអាចជាប់ឆ្នោតជាប្រធានាធិបតី។ ក៏ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺថាលោក Moon ជាអ្នកនយោបាយម្នាក់ ដែលអាចនឹងធ្វើឱ្យនយោបាយកូរ៉េខាងត្បូង ចំពោះកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ផ្លាស់ប្ដូរទាំងស្រុង បើសិនជាលោកជាប់ឆ្នោតមែននោះ។
ជាក់ស្ដែង លោកធ្លាប់បានបង្ហាញពីគោលជំហរ ប្រឆាំងនឹងនយោបាយមួយចំនួន របស់លោក ដូណាល់ ត្រាំ ជាពិសេស គឺការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD និងការប្រើបា្រស់កម្លំាងយោធាប្រឆាំងកូរ៉េខាងជើង ជាដើមពោលគឺសម្រាប់លោក ដើម្បីដោះ ស្រាយជាមួយទីក្រុងព្យុងយ៉ាង ទីក្រុងសេអ៊ូល គួរតែអនុវត្តនយោបាយអព្យាក្រឹតនិងប្រើប្រាស់វិធីសាស្ត្របញ្ចុះបញ្ចូលឱ្យបងប្អូនខាងជើងមួយនេះ ងាកមករកតុចរចាឡើងវិញ ហើយបើចាំបាច់ទំនាក់ទំនងរឹងមំាពេកនឹងទីក្រុងវ៉ាស៊ីនតោន មិនបាច់មានក៏បានដែរ។
តែទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញមួយចំនួន នៅតែយល់ថា វាគ្រាន់ការទាក់ទាញប្រជាប្រិយភាពរបស់លោក Moon ប៉ុណ្ណោះ ខណៈប្រជាជនកូរ៉េខាងត្បូង កំពុងព្រួយបារម្ភខ្លាចក្រែងសង្រ្គាមកូរ៉េផ្ទុះឡើងសាជាថ្មី។ មួយវិញទៀតផ្អែកលើអាកប្បកិរិយា របស់កូរ៉េខាងជើងបច្ចុប្បន្ន លោក Moon ក៏ទំនងជាដឹងក្នុងចិត្តយ៉ាងច្បាស់ដែរថា ការចរចាជាមួយរបបដឹកនាំ លោក គីម ជុងអ៊ុន ពិបាកនឹងធ្វើទៅបានណាស់ ហើយដរាបណា ទីក្រុងព្យុងយ៉ាង នៅតែមានអាវុធនុយក្លេអ៊ែរកូរ៉េខាងត្បូង នៅតែត្រូវការសហរដ្ឋអាមេរិកជាដាច់ខាត៕