(អង់ការ៉ា)៖ ក្រោយឈ្នះឆ្នោតប្រជាមតិ ប្រទេសតួកគីមិនទទួលបានស្ថេរភាពដូចការរំពឹងទុកឡើយ។ ផ្ទុយទៅវិញប្រធានាធិបតីលោក រ៉េសិប តាយយីប អឺដូហ្គាន់ បានប្រើប្រាស់អំណាចថ្មីដែលខ្លួនមាន ដើម្បីកំចាត់ចោលបុគ្គលតិចតួចទាំងប៉ុន្មានដែលនៅសេសសល់ ដោយចេញនូវបញ្ជីចាប់ខ្លួនមនុស្ស ២១៥,០០០នាក់ដាក់គុកនៅក្នុងខេត្តចំនួន ៨១ នៅទូទាំងប្រទេសតួកគី។ នេះបើតាមការសេចក្តីរាយការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយនៅល្ងាចថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។
បញ្ជីដែលបង្ហាញពីយុទ្ធការបន្សុទ្ធកម្មរបស់រដ្ឋាភិបាលនេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មាន មួយដែលគាំទ្ររដ្ឋាភិបាលមានឈ្មោះថា yeniakit.com។ រដ្ឋាភីបាលមិនបានបញ្ជាក់ថា នេះជាព័ត៌មានពិត ឬគ្រាន់តែជាពាក្យចចាមអារាមនៅឡើយទេ ប៉ុន្តែវាបង្កជាការព្រួយបារម្ភដល់ប្រជាជនតួកគីជាច្រើន ព្រោះអ្នកបម្រើការសាធារណៈចំនួន ១៥០,០០០នាក់ត្រូវបានបណ្ដេញចេញពីដំណែងរួចមកហើយ ១១០,០០០នាក់ត្រូវបានចាប់ខ្លួន និង ៥០,០០០នាក់ត្រូវបានចាប់ដាក់ពន្ធនាគារ ដោយរងការចោទប្រកាន់ថា មានទំនាក់ទំនងនឹងចលនា ហ្គូឡិន ដែលរដ្ឋាភិបាលហៅថា ក្រុមភេរវកម្ម។
ក្រោយរដ្ឋប្រហារ រដ្ឋាភិបាលបានតាមប្រមាញ់ ចាប់ឃុំខ្លួន និងដកដំណែងមនុស្សរាប់សែននាក់ ពីជួររដ្ឋាភិបាល និងវិទ្យាស្ថានឯកជននានា។ ទោះបីទទួលបានជ័យជំនះក្នុងការបោះឆ្នោតប្រជាមតិចុងក្រោយក៏ដោយ ប្រធានាធិបតីនៅតែ បន្តយុទ្ធនាការបន្សុទ្ធកម្មរបស់ខ្លួនដដែល។ ជនរងគ្រោះក្នុងយុទ្ធនាការនយោបាយនេះ ភាគច្រើនជាសមាជិកចលនាហ្គូឡិន។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ បរិយាកាសនយោបាយតួកគីកាន់តែកើនកំដៅ សូម្បីអ្នកគាំទ្រគណបក្សកាន់អំណាចក៏ស្ថិតក្នុងគ្រោះថ្នាក់ដែរ។
ជាក់ស្តែងអ្នកកាសែត ០២នាក់ ជាអ្នកគាំទ្រគណបក្សកាន់អំណាច AKP និងបម្រើការឲ្យ សារព័ត៌មានដែលមានទំនោរត្រូវរ៉ូវគ្នាជាមួយរដ្ឋាភិបាល ត្រូវបានចាប់ខ្លួនពេលថ្មីៗនេះ។ សារព័ត៌មានមួយចំនួនបានចុះផ្សាយពីទស្សនៈអ៊ីស្លាម ដែលគាំទ្រទំនោរនយោបាយរបស់រដ្ឋាភិបាល ក្នុងការដឹកនាំសង្គមក្រោមការអប់រំបែបអ៊ីស្លាម៕