(ហូជីមិញ)៖ ប្រជាពលរដ្ឋវៀតណាមប្រមាណ ៤០០,០០០នាក់បានបាត់បង់ជីវិត ដោយសារតែជំងឺមិនឆ្លង រួមមានជំងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់ និងជម្ងឺមហារីក ក្នុងមួយឆ្នាំៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទស្តីការបង្ការ និងប្រយុទ្ធជាមួយជំងឺមិនឆ្លង លោក Nguyen Thanh Long អនុរដ្ឋមន្រ្តីសុខាភិបាលវៀតណាមបានឲ្យដឹងថា នៅក្នុងចំណោមតួលេខអ្នកស្លាប់ប្រចាំឆ្នាំ មនុស្សដល់ ៧០ភាគរយ បានទទួលមរណភាពដោយសារតែជំងឺមិនឆ្លង។ ក្នុងចំណោមការស្លាប់បណ្តាលមកពីជំងឺមិនឆ្លងនោះទៀតសោត អ្នកជំងឺរហូតដល់ទៅ ៤០ភាគរយ បានបាត់បង់ជីវិតនៅមុនវ័យ៧០ឆ្នាំ។
យោងតាមលោកអនុរដ្ឋមន្រ្តី ប្រជាជនវៀតណាមក្នុងស្រុកពុំសូវជាមានការយល់ដឹងច្បាស់ អំពីការទប់ស្កាត់ជំងឺទាំងនេះឡើយដោយ ៤៩ភាគរយ នៃបុរសគឺជាអ្នកជក់បារី និង៧៧ភាគរយនៃចំនួនពលរដ្ឋវៀតណាមទាំងមូលចូលចិត្តពិសារគ្រឿងស្រវឹង។
គួរបញ្ជាក់ថា ជំងឺទាក់ទងនឹងការជក់បារីនៅក្នុងប្រទេសអាស៊ានមួយនេះ ត្រូវបានគេប៉ាន់ប្រមាណថា បានធ្វើឲ្យវៀតណាមខាតបង់សេដ្ឋកិច្ចប្រមាណ ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ ដោយឡែកប្រជាជនវៀតណាម ក្នុងជីវភាពរស់នៅប្រចាំថ្ងៃតែងតែប្រើប្រាស់អំបិលច្រើនលើសលប់នៅក្នុងម្ហូបអាហាររបស់ពួកគេ។ ជាមួយគ្នានេះក្រសួងសុខាភិបាលវៀតណាមបានកំណត់គោលដៅថា នឹងកាត់បន្ថយអត្រាអ្នកជក់បារីឲ្យបាន ៣០ភាគរយ ក៏ដូចជាអ្នកពិសាគ្រឿងស្រវឹងឲ្យបាន ១០ភាគរយ នៅក្នុងឆ្នាំ២០២៥ ស្របពេលដែលប្រជាជនវៀតណាមបច្ចុប្បន្ន មានចំនួន ៩០លាននាក់៕