(បារាំង)៖ ក្រោយលោក Macron ជាប់ឆ្នោតនោះ ពិធីស្បថឡើងកាន់តំណែងជាផ្លូវការត្រូវបានរដ្ឋាភិបាលបារាំងប្រកាសថា នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០១៧ ចុងសប្តាហ៍នេះហើយ ដោយលោកនឹងក្លាយប្រធានាធិបតីទី២៥ របស់សាធារណរដ្ឋបារាំង បន្តពីលោក ហ្វ្រង់ស័រ ហូឡង់ ដែលនឹងផុតអាណត្តិ ហើយលោកក៏ប្រាប់ទៅកាន់អ្នកគាំទ្រលោកស្រី Le Pen ថា លោកនឹងធ្វើឲ្យពួកគេគ្មានមូលហេតុណាមួយ ទៅបោះឆ្នោតឲ្យលោកស្រីទៀតឡើយ។ នេះបើតាមការដកស្រង់ពីបណ្តាញព័ត៌មានទាន់ហេតុការណ៍ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងនៅក្រោយការឈ្នះឆ្នោតនោះ លោក Macron ក៏បានសង្កត់ធ្ងន់ផងដែរថា លោកមានគោលដៅប្រយុទ្ធប្រឆាំងនឹងកម្លាំងដែលបង្កការបែងចែកក្នុងប្រទេស ដែលការលើកឡើងបែបនេះ គឺសំដៅទៅលើយុទ្ធនាការរបស់លោកស្រី Le Pen ដែលចង់បានឯករាជ្យភាពស្ទើរគ្រប់វិស័យសម្រាប់បារាំង ដូចជាការមិនពឹងផ្អែកលើអឺរ៉ុបតទៅទៀត (ចាកចេញពីអឺរ៉ុបដូចអង់គ្លេស និងងាកទៅចាយលុយហ្វ្រង់ ជំនួសលុយអឺរ៉ូវិញ) ដែលប្រការទាំងនេះ បានបង្កឲ្យមេដឹកនាំអឺរ៉ុបទាំងអស់មិនសប្បាយចិត្ត និងមិនចង់ឲ្យលោកស្រីឈ្នះឆ្នោតនោះឡើយ។
គួរបញ្ជាក់ថា ក្រោយពីលទ្ធផលផ្លូវការចុងក្រោយបំផុត ពីក្រសួងមហាផ្ទៃនៃប្រទេសបារាំងបានបញ្ជាក់យ៉ាងច្បាស់ថា លោក Macron បានយកឈ្នះលើគូប្រជែង ក្នុងសំឡេងគាំទ្រចំនួន ៦៦.០៦ភាគរយ ទល់នឹង៣៣.៩៤ភាគរយនោះ មេដឹកនាំនៃប្រជាជាតិជុំវិញពិភពលោករួមមាន ប្រធានាធិបតីអាមេរិកលោក Donald Trump, នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May, អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel, នាយករដ្ឋមន្រ្តីដាណឺម៉ាកលោក Lars Loekke Rasmussen, ប្រធានាធិបតីចិនលោក Xi Jinping, នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ព្រមទាំងថ្នាក់ដឹកនាំប្រទេសជាមិត្តបារាំងនានានៅលើសកលលោក បានចូលរួមផ្ញើសារជូនពរ ដ៏ដូចជាអបអរសាទរដល់លោក Macron និងកំពុងទន្ទឹងរង់ចាំធ្វើការងារជាមួយប្រធានាធិបតី ជាប់ឆ្នោតបារាំងរូបនេះនាថ្ងៃខាងមុខ៕