(សេអ៊ូល)៖ ទោះបីជាប្រទេសកូរ៉េខាងជើង បានបង្ហាញសញ្ញាបន្ទន់ឥរិយាបថបន្តិចក៏ដោយ ក៏ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ខ្លួននៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ដដែល ដើម្បីទប់ទល់នឹងសកម្មភាពបង្ករឿងណាមួយ ពីសំណាក់កូរ៉េខាងជើង ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងថ្មី នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារស្អែកនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។
ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង នឹងធ្វើឡើងនៅក្នុងបរិបទដែលស្ថានភាពនៅឧបទ្វីបកូរ៉េ កំពុងជួបភាពតានតឹង បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោង និងគំរាមវាយប្រហារលើទីក្រុងសេអ៊ូលជាបន្តបន្ទាប់។ ក៏ប៉ុន្តែនៅថ្ងៃចន្ទនេះដែរ ទីក្រុងព្យុងយ៉ាង តាមរយៈសារព័ត៌មានរដ្ឋ Rodong Sinmun បានអំពាវនាវឱ្យបញ្ឈប់ការប្រឈមមុខដាក់គ្នា រវាងបងប្អូនបង្កើតកូរ៉េទំាងពីរ ក៏ដូចជាបើកសករាជថ្មីនៃការបង្រួបបង្រួមជាតិ ហើយថែមទំាង បាននិយាយថា បើអ្នកនយោបាយអភិរក្សនិយម នៅបន្តកាន់អំណាច នោះមានតែការបាក់បែកគ្នាតែប៉ុណ្ណោះ។
ដោយឡែកទាក់ទិននឹងការបោះឆ្នោតនេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Moon Sang-gyun បានបញ្ជាក់យ៉ាងខ្លីថា « យោធាកូរ៉េខាងត្បូងនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីត្រៀមទប់ទល់នឹងសកម្មភាពបង្ករឿងជាយថាហេតុណាមួយ ពីកូរ៉េខាងជើង»។
គួរបញ្ជាក់ថា លោក Moon Jae in មកពីគណបក្សប្រជាធិបតេយ្យ ត្រូវបានគេរំពឹងថា មានលទ្ធភាពខ្ពស់នឹងអាចជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូងទី១៩។ លើសពីនេះទៅទៀត បើសិនជាលោក Moon ជាប់ឆ្នោតមែននោះ នយោបាយកូរ៉េខាងត្បូងចំពោះកូរ៉េខាងជើង អាចនឹងផ្លាស់ប្ដូរទាំងស្រុងក៏ថាបាន ត្បិតលោកធ្លាប់បានបង្ហាញពីបំណងចង់ចរចាជាមួយកូរ៉េខាងជើង ដើម្បីបើកតំបន់ឧស្សាហកម្ម កេសុងឡើងវិញ ហើយនៅក្នុងករណីចាំបាច់លោកថែមទាំងអះអាងថា មិនបាច់មានទំនាក់ទំនងរឹងមំាពេក ជាមួយសហរដ្ឋអាមេរិកទៀតផង។
រីឯទីក្រុងព្យុងយ៉ាងក៏ធ្លាប់បានបង្ហាញជំហរគាំទ្រ លោក Moon ផងដែរ។ ទោះបីជាបែបនេះក្តី ដរាបណា កូរ៉េខាងជើង នៅតែមានអាវុធនុយក្លេអ៊ែរ ទីក្រុងសេអ៊ូលមិនអាចគ្មានសហរដ្ឋអាមេរិកជាដាច់ខាត៕