(កាប៊ុល)៖ កងទ័ពអាមេរិកឈរជើងនៅអាហ្វហ្គានីស្ថាន នាថ្ងៃចន្ទនេះបានបញ្ជាក់ថា មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS បានបាត់បង់ជីវិតក្នុងអំឡុងប្រតិបត្តិការរួមនៅខេត្ត Nangarhar ភាគកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីចុងខែមេសាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។
មេដឹកនាំជាន់ខ្ពស់ ISIS ឈ្មោះ Sheikh Abdul Hasib ត្រូវបានសម្លាប់កាលពីថ្ងៃទី២៧ ខែមេសា នៅតំបន់ភាគត្បូងនៃខេត្ត Nangarha ដែលត្រូវបានចាត់ទុកថា ជាមូលដ្ឋានស្នូលរបស់ក្រុមសកម្មប្រយុទ្ធនេះប្រចាំខេត្ត Nangarha នៅចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ នៃភាគខាងកើតរដ្ឋធានីកាប៊ុល។
ប្រតិបត្តិការខាងលើនេះ ដែលត្រូវបានធ្វើឡើងដោយកងសន្តិសុខពិសេសអាហ្វហ្គានីស្ថាន សហការជាមួយកងទ័ពអាមេរិក ជាលទ្ធផលក៏បានបណ្តាលឲ្យប្រធានក្រុមប៉ុន្មាននាក់ផ្សេង រួមទាំងសមាជិកនៃបណ្តាញភេរវករ ISIS ចំនួន៣៥នាក់បានបាត់បង់ជីវិតទៅជាមួយគ្នាផងដែរ។
គួរបញ្ជាក់ថា កងទ័ពអាមេរិក និងអាហ្វហ្គានីស្ថាន បានកម្ចាត់និងចាប់ខ្លួនក្រុមប្រយុទ្ធរបស់បណ្តាញ ISIS អស់ជាច្រើនរយនាក់មកហើយ ស្របពេលដែលប្រតិបត្តិការយោធាដ៏ក្តៅគគុកប្រឆាំងនឹងក្រុមភេរវកម្ម នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ នៅតែបន្តធ្វើឡើងឥតឈប់ឈរ៕