(អ៊ីរ៉ាក់)៖ កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ និងក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិកបាន និងកំពុងធ្វើការវាយលុកដើម្បីកម្ទចពួក ISIS នៅក្នុងទីក្រុងម៉ូស៊ុល ចាប់តាំងពីខែតុលា ឆ្នាំ២០១៦មកម្លេះ ខណៈជនស៊ីវិលអ៊ីរ៉ាក់នៅតែបន្តរងគ្រោះ ដោយក្នុងនោះមនុស្សរាប់សែននាក់កំពុងជាប់គាំង ចេញទៅណាមិនរួច រីឯអ្នកខ្លះទៀតត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ឬក៏ការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមក ស្របពេលចំនួនជនភៀសខ្លួន ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ អ្នកបើករថយន្ដសង្រ្គោះបន្ទាន់ ឱ្យកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ លោក Jassim Muhammad អាយុ ២៧ឆ្នាំ បានឱ្យដឹងថា រថយន្តសង្រ្គោះបន្ទាន់ពិតជាពិបាកខ្លាំងណាស់ នៅពេលធ្វើដំណើរដឹកអ្នករងរបួស ទៅកាន់មន្ទីរពេទ្យម្ដងត្បិតពួកគេខ្លាចក្រែងរងការវាយប្រហារពីពួកអ្នក បាញ់កាំភ្លើងស៊ីប (Sniper)។ លោក Jassim បានបន្ថែមថា ទំាងក្រុមអ្នកប្រយុទ្ធទំាងជនស៊ីវិល សុទ្ធតែកំពុងសម្រកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Hamam Al-alil នៃភាគខាងត្បូងទីក្រុងម៉ូស៊ុល ជាទីដែលប្រជាជនអ៊ីរ៉ាក់ កំពុងរស់នៅយ៉ាងលំបាកវេទនា ក្រោមការគ្រប់គ្រងរបស់ពួក ISIS។
គួរបញ្ជាក់ថា បើតាមអ្នកប្រយុទ្ធឃើដ ពួក ISIS បានបង្ខាំងជនស៊ីវិលអ៊ីរ៉ាក់ មិនឱ្យចាកចេញពីទីក្រុងម៉ូស៊ុល ដើម្បីទុកធ្វើជាខែលការពារពួកវា ហើយបើនរណាហ៊ានរត់ នោះពួកវានឹងសម្លាប់ចោល ឬក៏ធ្វើបាបដល់ក្រុមគ្រួសារសាច់ញាតិពួកគេតែម្តង៕