(វ៉ាស៊ីនតោន)៖ យន្តហោះអវកាស X-37B ដ៏អាថ៌កំបាំងរបស់កងទ័ពជើងអាកាសអាមេរិក នៅទីបំផុតបានវិលត្រឡប់មកជាន់លើផ្ទៃផែនដីវិញ នាថ្ងៃអាទិត្យសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បន្ទាប់ពីបានបញ្ចប់បេសកកម្មសម្ងាត់នៅទីអវកាស អស់រយៈពេលជិតពីរឆ្នាំកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។
យន្តហោះគ្មានអ្នកបើកបរ និងអាចប្រើប្រាស់ឡើងវិញបាន X-37B បានធ្វើដំណើរមកដល់មូលដ្ឋានចុះចត នៃមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ក្នុងរដ្ឋផ្លូវរីដាជាព្រលានយន្តហោះ ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធី Space Shuttle របស់ទីភ្នាក់ងារអវកាសអាមេរិកតាំងពីដើមរហូតដល់ពេលបិទបញ្ចប់កាលពីឆ្នាំ២០១១។
គួរបញ្ជាក់ថា បេសកកម្មដែលទើបតែត្រូវបានបញ្ចប់នាពេលថ្មីៗនេះ មានឈ្មោះថា OTV-4 ចាប់ផ្តើមឡើងកាលពីខែឧសភា ឆ្នាំ២០១៥ និងបានចំណាយពេលធ្វើការពិសោធន៍ជាសម្ងាត់ នៅគន្លងអវកាសអស់រយៈពេលសរុបចំនួន ៧១៨ថ្ងៃ។ យន្តហោះ X-37B ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Boeing ហើយមានលក្ខណៈ និងរូបរាង ស្រដៀងគ្នាទៅនឹងយានអវកាស Space Shuttles ដែលចូលនិវត្តន៍របស់ NASA អ៊ីចឹង គ្រាន់តែមានទំហំតូចជាង។ X-37B ត្រូវបានបង្ហោះទៅកាន់លំហអាកាសដោយគ្រាប់រ៉ុក្កែត និងចុះចតមកវិញដូចយន្តហោះធម្មតាដែរ។
ដោយឡែកគោលបំណងពិតរបស់យន្តហោះ X-37 B ពុំត្រូវបានលាតត្រដាតឲ្យដឹងជាសាធារណៈនោះឡើយ ហើយភាពអាថ៌កំបាំងជុំវិញគម្រោងនេះ បានឲ្យនាំកើតមានការប៉ាន់ស្មានថា X-37B ដែលដើរដោយថាមពលព្រះអាទិត្យនេះ ប្រហែលអាចត្រូវបានប្រើប្រាស់ធ្វើជាផ្កាយរណបស៊ើបការណ៍ ឬមួយក៏ដើម្បីដឹកជញ្ជូនអាវុធពីទីអវកាស៕