(ប៉ារីស)៖ ប្រធានគណបក្សរណសិរ្សជាតិ National Front (FN) លោកស្រី Marine Le Pen បាននិយាយថា គណបក្សរបស់លោកស្រីចាំបាច់ត្រូវតែធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ដើម្បីក្លាយជាចលនានយោបាយស្នេហាជាតិ ឬជាតិនិយមដ៏ខ្លាំងមួយបន្ទាប់ពីចាញ់ លោក Emmanuel Macron យ៉ាងធ្ងន់កនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងទី២៥ កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ លោកស្រី Le Pen បានលើកឡើងយ៉ាងដូច្នេះថា «គណបក្សរណសិរ្សជាតិ.... ត្រូវតែធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ដើម្បីមានឱកាសជាប្រវត្តិសាស្ត្រ និងឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាជនបារាំង ហើយខ្ញុំនឹងស្នើឱ្យធ្វើកំណែទម្រង់នេះ សំដៅបង្កើតឱ្យបាននូវចលនានយោបាយថ្មីមួយដ៏ខ្លាំង»។ លើសពីនេះទៅទៀត បើទោះបីជាបរាជ័យក៏ពិតមែន លោកស្រីនៅតែចាត់ទុកថា លទ្ធផលបោះឆ្នោតនៅពេលនេះគឺជា ប្រវត្តិសាស្ត្រមួយចំពោះ គណបក្សរបស់លោកស្រី ដែលនឹងក្លាយជាគណបក្សប្រឆាំងដ៏សំខាន់នៅបារាំង ហើយថា លោកស្រី នឹងចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតភ្លាមៗ សម្រាប់ការបោះឆ្នោតសភានៅខែមិថុនាក្រោយនេះ។
គួរបញ្ជាក់ថា បើតាមលទ្ធផលបោះឆ្នោតស្ទើរតែទាំងស្រុងពីក្រសួងមហាផ្ទៃបារាំង លោក Macron បានផ្តួលលោកស្រី Le Pen ដោយទទួលបានសំឡេងគាំទ្រចំនួន ៦៦.០៦ភាគរយ ទល់នឹង៣៣.៩៤ភាគរយ។ ប៉ុន្តែលោកស្រី Le Pen បានអះអាងថា តាមរយៈលទ្ធផលនេះ នយោបាយបារាំង នឹងត្រូវបែងចែកជាពីរនោះគឺ «អ្នកជាតិនិយម» និង «អ្នកសកលភាវូបនីយកម្ម» ដូច្នេះទើប លោកស្រីអំពាវនាវឱ្យអ្នកជាតិនិយមបារាំង ចូលរួមក្នុងចលនានយោបាយថ្មីរបស់លោកស្រី៕