(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល តាមរយៈការអំពាវនាវឲ្យបិទបញ្ចប់ការប្រឈមមុខដាក់គ្នា រវាងបងប្អូនកូរ៉េទំាងពីរ ខណៈកូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃអង្គារស្អែកនេះ ស្របពេលដែលបេក្ខជនកំពុងនាំមុខ លោក Moon Jae-in បានបង្ហាញសញ្ញាវិជ្ជមានមកដល់កូរ៉េខាងជើងរួចទៅហើយថា លោកចង់បានទំនាក់ទំនងល្អប្រសើរឡើងវិញរវាងបងប្អូនកូរ៉េទាំងពីរ។ នេះបើតាមសារព័ត៌មាន Rodong Sinmun ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។
កាសែតកូរ៉េខាងជើង Rodong Sinmun នៅក្នុងបទវិចារណកថារបស់ខ្លួនបានលើកឡើងយ៉ាងដូច្នេះថា «សោកនាដកម្មនៃទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងបង្កឡើងដោយពួកអ្នកនយោបាយអភិរក្សនិយមកូរ៉េខាងត្បូង អស់រយៈពេលជាង ១០ឆ្នាំមកហើយ។ ពួកគេបានបង្កើតការប្រឈមមុខដាក់គ្នាជាអតិបរមា ទំាងផ្នែកនយោបាយ និងយោធា ហើយពួកគេក៏បានជាន់ឈ្លីផងដែរ នូវគំនិតចង់បានសន្តិភាពនៃប្រជាជនរបស់យើង។ ទោះបីជាយ៉ាងណាក៏ដោយ ប្រវត្តិសាស្ត្រនៃការប្រឈមមុខដាក់គ្នារវាងកូរ៉េទាំងពីរ ដែលត្រូវបានបង្កឡើងដោយពួកអ្នកអភិរក្សនិយម គួរតែត្រូវបានបញ្ចប់ រីឯសករាជថ្មីនៃការបង្រួបបង្រួមជាតិ គួរតែត្រូវបង្កើតឡើងតាមរយៈកិច្ចសហការរវាងជាតិសាសន៍របស់ពួកយើង ... តែបើពួកអ្នកអភិរក្សនិយម នៅតែអាចកាន់អំណាចសាជាថ្មី នោះវាមានតែការបាក់បែកតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា នៅក្នុងចំណោមបេក្ខជនប្រធានាធិបតីទាំង០៥រូប លោក Moon Jae in មកពីគណបក្សប្រជាធិបតេយ្យ ត្រូវបានគេរំពឹងថា មានលទ្ធភាពខ្ពស់នឹងអាចជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូងទី១៩។ មួយវិញទៀតបើសិនជាលោក Moon ជាប់ឆ្នោតមែននោះ នយោបាយកូរ៉េខាងត្បូងចំពោះកូរ៉េខាងជើង អាចនឹងផ្លាស់ប្ដូរទាំងស្រុងក៏ថាបាន ត្បិតលោកធ្លាប់បានបង្ហាញពីបំណងចង់ចរចាជាមួយកូរ៉េខាងជើង បើកតំបន់ឧស្សាហកម្មកែសុងឡើងវិញ ហើយនៅក្នុងករណីចាំបាច់ លោកថែមទាំងអះអាងថា មិនបាច់មានទំនាក់ទំនងរឹងមំាពេកជាមួយសហរដ្ឋអាមេរិកទៀតផង៕