(ការ៉ាកាស់)៖ សាកសពមនុស្សយ៉ាងតិចចំនួន០៨នាក់ ត្រូវបានរកឃើញនៅរដ្ឋ Amazonas ភាគខាងត្បូងប្រទេសវេណេស៊ុយអេឡា ជាទីកន្លែងដែលឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានដាច់ការទាក់ទងហើយធ្លាក់កាលពីជិតប្រាំខែមុន។ នេះបើតាមសេចក្តីប្រកាសរបស់ការិយាល័យអគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡា ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។
រហូតមកទល់ពេលនេះ សាកសពមនុស្សចំនួន០៨នាក់ត្រូវបានរកឃើញ និងបញ្ជូនទៅកាន់ទីក្រុង Puerto Ayacucho នៃរដ្ឋ Amazonas ដើម្បីឆ្លងកាត់នីតិវិធីនៃការកំណត់អត្តសញ្ញាណ ដោយក្រុមជំនាញធ្វើកោសល្យវិច័យ នាពេលប៉ុន្មានម៉ោងខាងមុខ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ដំណឹង ខណៈពេលដែលវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ ព្រលានយន្តហោះនៃទីក្រុង La Esmeralda នៅតំបន់ភាគខាងជើងរដ្ឋ Amazonas ហើយនៅលើនោះវាមានផ្ទុកមនុស្ស ១៣នាក់ រួមមានប្រជាជនស៊ីវិល០៥នាក់ ពលទាហាន០៤នាក់ និងក្រុមសហសេវិក០៤នាក់។
ឧទ្ធម្ភាគចក្រមួយគ្រឿងនេះបានធ្លាក់នៅក្នុងតំបន់ព្រៃដ៏ក្រាស់មួយកន្លែង ជាហេតុបណ្តាលវាពិបាកក្នុងការស្វែងរកជាខ្លាំង ក៏ប៉ុន្តែនៅទីបំផុតវាត្រូវបានក្រុមជំនាញរកឃើញកាលពីថ្ងៃទី២ ខែឧសភា ថ្មីៗនេះ។ ម៉្យាងវិញទៀតក្រុមការងារបង្ការគ្រោះមហន្តរាយ ក៏កំពុងនៅបន្តស្វែងរក សាកសពដែលសេសសល់ប៉ុន្មាននាក់ទៀតផងដែរ៕