(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកត្រូវតែប្រាប់ចិនឱ្យច្បាស់ថា ទីក្រុងប៉េកាំង គួរតែដាក់សម្ពាធឱ្យកាន់តែខ្លាំងលើកូរ៉េខាងជើង រហូតដល់រដ្ឋនេះព្រមបោះបង់ចោលមហិច្ឆតាអាវុធនុយក្លេអ៊ែរ បើមិនចង់ឃើញទីក្រុងវ៉ាស៊ីនតោនចាត់វិធានការដោយខ្លួនឯងទេនោះ។ នេះបើតាមអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Condoleezza Rice ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យ លោកស្រី Rice បានគូសបញ្ជាក់ថា អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីបរបស់កូរ៉េខាងជើង កាន់តែរីកចំរើនទៅមុខ មិនអាចប្រកែកបាន ហើយអាវុធប្រល័យទាំងនេះ អាចមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែគេអាចដោះស្រាយបញ្ហានេះបាន បើសិនជាចិនព្រមជួយ។
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង អ្នក(សហរដ្ឋអាមេរិក) ត្រូវតែប្ដូរការគិតរបស់ចិន ហើយខ្ញុំគិតថា នេះគឺជាអ្វីដែលរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងតែព្យាយាមធ្វើវា។ ចិនមិនអាចជួយពេញដៃពេញជើង ពីព្រោះបារម្ភខ្លាចក្រែង របបដឹកនាំទីក្រុងព្យុងយ៉ាងដួលរលំ ដែលអាចនឹងបង្កអស្ថេរភាព នៅតាមតំបន់ព្រំដែនរបស់ពួកគេ។ ទោះជាយ៉ាងនេះក្ដីអ្នកត្រូវតែនិយាយប្រាប់ចិនឱ្យច្បាស់ថា បើសិនជាទីក្រុងប៉េកាំង មិនអាចឬ ក៏មិនចង់ជួយបញ្ឈប់មហិច្ឆតានុយក្លេអ៊ែរកូរ៉េខាងជើង នោះទីក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការដោយខ្លួនឯង»។
គួរបញ្ជាក់ថា នៅពេលឆ្លើយតបទៅនឹងសំណួរ ពាក់ព័ន្ធនឹងសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប ICBM កូរ៉េខាងជើង លោកស្រី Rice និយាយថា នេះគឺជារឿងដែលប្រធានាធិបតីអាមេរិកទំាងអស់ មិនដែល និងមិនអាចអត់ឱនឱ្យបានជាដាច់ខាត៕